ភ្នំពេញៈ បើទោះជាមានគណនេយ្យក្លែងក្លាយ (Fake Account) បានធ្វើឲ្យមានការប៉ះពាល់ចំពោះ កិត្តិយសរបស់ខ្លួនដែលមិនបានលូកមាត់ពាក់ព័ន្ធនឹងរឿងស្វាមីបញ្ចេញគំនិតក៏ដោយ ក៏តារាស្រីល្បីឈ្មោះអ្នកនាងសឿ សុធារ៉ា មិនមានគម្រោងដាក់ពាក្យបណ្ដឹងទៅលើអ្នកកាត់តរូបភាពដែលអ្នកនាងយល់ថា បានធ្វើឲ្យខ្លួនប៉ះពាល់នោះទេ។ អ្វីដែលគេចាប់អារម្មណ៍គឺអ្នកនាងមិនទាំងឃើញ សម្ដែងប្រតិកម្មណាមួយទៀតផង ដែលផ្ទុយពីតារាស្រីល្បីឈ្មោះខ្លះដែលឡាំប៉ាមិនសុខចិត្តចំពោះការវាយប្រហារណាមួយបណ្ដាលឲ្យខ្លួនបាត់បង់កិត្តិយស។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ថាគណនេយ្យក្លែងក្លាយបានបន្តកាត់តរូបភាព និងសរសេរអក្សរប្លែកៗបណ្ដាលឲ្យមានការប៉ះពាល់គួរសមទៅលើប្រជាប្រិយភាពរបស់អ្នកនាងសឿ សុធារ៉ា ដោយអ្នកមិនដឹងគឺស្មានតែលោកសាពូន មីដាដា មែនទែនជាអ្នកបង្ហោះសំណេរធ្វើឲ្យប៉ះពាល់ដល់អ្នកនាងនោះផង។ ការកាត់តមិនសមរម្យដែលបានកើតឡើងចំពោះអ្នកនាងសឿ សុធារ៉ានេះ គឺបន្ទាប់ពីការលើកឡើងនូវជំលោះរវាងសាពូន មីដាដា និងលោក សុភ័ណ្ឌ ឡារី បានក្លាយទៅជាប្រធានបទក្ដៅ។
យ៉ាងណាមិញ អ្នកនាងប្រកាសថារឿងអ្វីដែលស្វាមីបញ្ចេញយោបល់ គឺមិនបានពាក់ព័ន្ធចំពោះខ្លួននោះទេ ទើបអ្នកនាងយល់ថាការកាត់តធ្វើឲ្យខ្លួនប៉ះពាល់ជារឿងមិនគួរកើត។ អ្នកនាង សឿ សុធារ៉ា និយាយថាអ្នកខឹងនឹងស្វាមីរបស់ខ្លួនបានបន្តComment និងកាត់តពាក្យសម្ដែងធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ខ្លួនកាន់តែលើ តាមរយៈការបង្កើតហ្វេសប៊ុកក្លែងក្លាយ ដោយប្រើឈ្មោះលោកសាពូន មីដាដា ហើយបង្ហោះដោយការប្រើពាក្យប្រមាថពាក់ព័ន្ធចំពោះអ្នកនាង។ អ្នកនាងយល់ថានេះជាការប៉ះពាល់ហួសហេតុ ប៉ុន្តែអ្នកនាងមិនមានគម្រោងប្ដឹងផ្ដល់ចំពោះការកាត់ត ឬអ្នកបង្កើតគណនេយ្យក្លែងក្លាយណាមួយនោះទេ ដោយសារអ្នកនាងយល់ថាបើទោះជាប្ដឹងក៏មិនដឹងបានអី បើម្ចាស់គណនេយ្យសុទ្ធតែលាក់អត្តសញ្ញាណ។
អ្នកនាងនិយាយថា«ការកាត់តប៉ុន្មានថ្ងៃនឹងប៉ះពាល់ដល់ខ្ញុំមែនទែន តែខ្ញុំអត់ដឹងធ្វើយ៉ាងមិចទេ តែចិត្តពិតជាខឹងនៅពេលដែលយកខ្ញុំមិនធ្វើចឹងៗ»។ អ្នកនាងយល់ថាសម័យហ្វេសប៊ុកគឺជាសម័យដែលមានការបង្កាច់បង្ខូចគ្នាគួរឲ្យខ្លាច ទើបអ្នកនាងមិនហ៊ានបង្ហោះ ឬបញ្ចេញបញ្ចញគំនិតខុសឆ្គងណាមួយនោះទេ ប៉ុន្តែនៅតែជួបរឿងត្រូវគេបង្ខូច។ អ្នកនាងសម្ដែងហួសចិត្តដែលក្រុមអ្នកបង្កើតគណនេយ្យក្លែងក្លាយបានធ្វើចំពោះអ្នកនាង ក្នុងពេលដែលអ្នកនាងមិនបានរួមចំណែកណាមួយធ្វើឲ្យកើតមានបញ្ហាប៉ះពាល់ដល់អ្នកណាម្នាក់បែបនេះ៕
មតិយោបល់