កំពង់ធំៈ នៅវេលាម៉ោង ៧ និង១៥នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩
មានករណីប្រទះឃើញសពក្មេងប្រុស អណ្ដែតទឹក នៅចំណុចប្រឡាយអាងទឹក ៣០កញ្ញា ក្នុងភូមិគ្រួរ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក។
ជនរងគ្រោះឈ្មោះ នឿន ផាត់ថាយ៉ា ភេទ ប្រុស អាយុ ០៥ឆ្នាំ ភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
តាមការបំភ្លឺរបស់ឈ្មោះ ឈួន ឆាត់ ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិឃុំជាមួយ (ត្រូវជាអុំបង្កើត) បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ៤ និង២៥នាទីរសៀល គាត់បាននាំក្មួយប្រុសទៅបង់សំណាញ់ ជាមួយនៅចំណុចខាងលើ ដោយឲ្យក្មួយប្រុសអង្គុយលើម៉ូតូចាំ ពេលកំពុងបង់សំណាញ់បានប្រហែល កន្លះម៉ោង ស្រាប់តែបាត់ក្មួយរកមិនឃើញ ក៏មករកនៅផ្ទះ ក៏មិនឃើញទៀត ក៏នាំបងប្អូនរករាវរក ក្នុងស្ទឹង៣០កញ្ញាវិញ តែដោយសាមេឃភ្លៀង និងមានខ្យល់ផង ហើយងងឹតទៀត ក៏នាំគ្នាឈប់រក។
លុះព្រឹកឡើងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង០០នាទីព្រឹក ទើបរកឃើញសាកសពអណ្ដែតទឹក ឆ្ងាយពីកន្លែងចាំម៉ូតូចម្ងាយប្រហែល ២០០ម៉ែត្រ មិនដឹងស្លាប់ពីពេលណានោះទេ។
ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញនគរបបាលស្រុក ប៉ុស្ដិ៍នគរបាលដូង និងអាជ្ញាធរភូមិ បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព សន្និដ្ឋានបានថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសាលង់ទឹកប្រាកដមែន។
មូលហេតុ៖ ចុះលេងក្នុងស្រះទឹក។ សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់