ឧត្ដរមានជ័យៈ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តឧត្ដរមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក យិន ណារ៉េត សហការជាមួយលោក ជ័យ វាសនា មេប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចុះសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយមានការសម្របសម្រួលពន្លាតដែនសមត្ថកិច្ច ពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាកម្លាំង បានចុះអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួន របស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ។
កាលពីវេលាម៉ោង ៦ និង០០នាទីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធ នៅចំណុចផ្ទះជួលក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ជាប់ចោទពីបទរំលោភលើទំនុកចិត្ត (ខ្ចីប្រាក់គេជាងពីរម៉ឺនដុល្លារ) ពីជនរងគ្រោះចំនួន០៣នាក់ មិនសងហើយរត់គេចខ្លួន។
ជនសង្ស័យឈ្មោះ ម៉ៅ ភារុន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិប៉េសេសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងប្រពន្ធ ឈ្មោះ ចែ ស្រី អាយុ៥០ឆ្នាំ ស្រុកកំណើតនៅខេត្តព្រៃវែង រស់នៅភូមិប៉េសេ សង្កាត់ទឹកថ្លា។
វត្ថុតាងដកហូតបាន៖ រថយន្តម៉ាក Camry ឆ្នាំ២០០០ ពណ៌ឆ្លូញ០១គ្រឿង ពាក់ស្លាកលេខ1G-1187។ ក្រោយឃាត់ខ្លួន ពីរនាក់ប្ដីប្រពន្ធខាងលើ ត្រូវបានសមត្ថកិច្ច នាំខ្លួនពីខេត្តកំពតមកកាន់ឧត្តរមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់