ភ្នំពេញ: រថយន្តកុងតឺន័រ ១គ្រឿង ខណ:ដែលកំពុងបើកក៏បន្ថយល្បឿនបត់ស្ដាំឆ្លងចូលភូមិ ស្របពេលនោះមានរថយន្តបែនកង់ដឹកខ្សាច់ ១គ្រឿង វាក់អឺជាន់ហ្រ្វាំងឈប់អត់ទាន់ ក៏ជ្រុលទៅបុកគាបជាប់គ្នា បណ្ដាលឲ្យរងការខូចខាតទាំង ២គ្រឿង ប៉ុន្តែជាសំណាងល្អពុំបានបណ្ដាលឲ្យអ្នកបើកបរ ឬអ្នកដំណើរណាម្នាក់រងរបួសនោះឡើយ។
ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៤៥នាទីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តកុងតឺន័រខាងលើ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-8933 ។
រថយន្តបែនដឹកខ្សាច់ ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-1510 ។
អ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តសណ្តោងទូរកុងតឺន័រខាងលើ ធ្វើដំណើរពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបន្ថយល្បឿនបត់ស្ដាំឆ្លងផ្លូវ ស្របពេលនោះក៏មានថយន្តបែនដឹកខ្សាច់ធ្វើដំណើរស្របទិសមកពីក្រោយ សង្ស័យវាក់អឺជាន់ហ្រ្វាំឈប់អត់ទាន់ ក៏ជ្រុលទៅបុកពាក់កណ្តាលរថយន្តកុងតឺន័រពេញទំហឹងតែម្ដង។ ខណៈនោះរថយន្តទាំង២ បានគាបជាប់គ្នាប៉ុន្តែជាសំណាងល្អពុំបានបណ្ដាលឲ្យអ្នកបើកបររថយន្តទាំង ២នេះ រួមទាំងអ្នកដំណើរណាម្នាក់រងរបួសនោះឡើយ ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅសម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះរួចឲ្យភាគីទាំង២ សម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ប៉ុន្តែពេលភ្លាមៗពុំទាន់ត្រូវរ៉ូវគ្នានៅឡើយ ដោយភាគីម្ខាងៗរង់ចាំតំណាងរបស់ខ្លួនទៅជួបដោះស្រាយគ្នា៕







មតិយោបល់