ភ្នំពេញៈ ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀង គ្រោះថ្នាក់ចរាចរណ៍កើតឡើង២ករណីផ្ទួនៗគ្នាតែម្តង ក្នុងនោះមានកុងតៃន័រមួយគ្រឿងហោះឡើងខឿន បុកបាក់ស្លាកសញ្ញាចរាចរណ៍ រុញគៀបជាប់ម៉ូតូសេ១២៥មួយគ្រឿងទៀត ។ ហេតុការណ៍ទាំង២ករណីខាងលើកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ប្រមាណ១០០ម៉ែត្រពីគ្នា ក្នុង ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង ករណីទី១ កើតឡើងរវាងរថយន្តបែន ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3E-8492 បើកល្បឿនលឿន ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ហ្វ្រាំងរអិលទៅបុកកន្ទុយកុងតៃន័រ ពីក្រោយ ដែលកំពុងបើកស្របទិសគ្នា ម៉ាក ហ៊ីណូ ពណ៌ខៀវ ស ពាក់លេខ ព្រះសីហនុ 3A-5967 បណ្តាលឲ្យ រថយន្តបែនខ្ទេចរួញមុខ តែមិនបង្កឲ្យរងរបួសដល់មនុស្សឡើយ ។
ប្រភពបន្តទៀតថា ស្របពេលនោះដែរ កើតមាន គ្រោះថ្នាក់ចរាចរណ៍ទី២ កើតឡើងមួយករណីទៀត ចំងាយពីគ្នា ប្រមាណ១០០ម៉ែត្រ ខាងមុខករណីទី១ ដែលបង្កឡើងដោយ រថយន្តកុងតៃន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 3B-5686 បើកល្បឿនលឿនពីត្បូងទៅជើង ដល់ចំណុចកើយហេតុ វ៉ាក់អើរថយន្តខាងមុខ ព្យាយាមហ្វ្រាំង គេច បែជារអិលហោះឡើងខឿនសួនទ្រូងផ្លូវ បុកបង្គោលស្លាកសញ្ញាចរាចរណ៍ បាក់រាបដល់ដី រុញបុកផ្ទប់ជាប់ម៉ូតូ មួយគ្រឿង បើកច្រាសទិស ម៉ាកហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GL-7594 ដែលបើកបរដោយយុវជនឈ្មោះ ហាក់ សុខហាង អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិផ្លាំង សង្កាត់ស្នោ ខណ្ឌកំបូល សំណាងលោតផុត ខូចម៉ូតូខ្ទេចមួយកំណាត់មុខ ក្បាលរថយន្តរេបត់ក្រោយ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទាំង២ករណី ហើយករណីទី១ រថយន្តបែនបើកបុក កន្ទុយកុងតៃន័រ ត្រូវបានសមត្ថកិច្ច វាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ។ ចំណែកករណីទី២ រថយន្តកុងតៃ បើកឡើងខឿនសូនច្បារ ប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈ ម៉ូតូមួយគ្រឿងខ្ទេចមួយកំណាត់ ប្រគល់ឲ្យទៅ ការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុកនិងកសាងសំណុំរឿងដោះស្រាយពេលក្រោយ ៕
មតិយោបល់