ព័ត៌មានជាតិ

រថយន្តបីគ្រឿង បុកតកន្ទុយគ្នារងការខូចខាត

ភ្នំពេញ: ជនជាតិចិនមានគ្នា៣នាក់ បើករថយន្តហាយឡែនឌ័រ ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ បោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្តកាមរីបាឡែន និងរថយន្តប្រាដូរ កំពុងឈប់បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធ កែងនិងផ្លូវហាន់ណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនគេឃើញរថយន្តហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2P 1539 ធ្វើដំណើរមកដល់ចំនុចកើតហេតុ មិនប្រយ័ត្នជ្រុលទៅបុករថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AD 1732 បើកដោយបុរសម្នាក់ កំពុងឈប់ស្តុប និងបន្តបុកមួយគ្រឿងទៀត ម៉ាកប្រាដូរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ15.2.0123 បើកដោយបុរសពីរនាក់ បណ្ដាលរងការខូចខាតទាំងបីគ្រឿង តែសំណាងល្អមិនមានអ្នករបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ចំណុចកើតហេតុ ដោយពិនិត្យឃើញមិនមានប៉ះពាល់សម្បត្តរដ្ឋ បានឲ្យភាគីទាំងបង្ក និងភាគីរងគ្រោះ សម្របសម្រួលគ្នា ដោយខាងរថយន្តហាយឡេនឌ័រជនជាតិចិន ព្រមសងសំណងទៅរថយន្តរងគ្រោះទាំងពីរគ្រឿង២០០០ដុល្លារ ដើម្បីបញ្ចប់រឿង៕

មតិយោបល់