កំពង់ស្ពឺៈ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិសាស្រ្តក្រុងច្បារមន បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។
ករណីទី១៖ កាលពីវេលាម៉ោង ៧និង៥៥នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅលើផ្លូវលេខ១៤៣ ក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ ។
ម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ បាត់ដំបង 1P-1967 បើកពីលិចទៅកើត អ្នកបើកឈ្មោះ សឿន ជុំ ហៅខុម ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិផ្លូវក្របី ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (របួសស្រាល) អ្នកជិះពីក្រោយឈ្មោះ ហ៊ត ហុង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិជាមួយគ្នា ត្រូវបានឃាត់ខ្លួន។
សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូម៉ាកហុងដា បុកជាមួយម៉ូតូម៉ាកអ៊ិចសែទ័រ អត់ស្លាកលេខ ចំណែកអ្នកបើកម៉ូតូអ៊ិចសែទ័រ ត្រូវបានសាច់ញាតិ ដឹកយកទៅមន្ទីរពេទ្យសង្គ្រោះ អ្នករួមដំណើរឈ្មោះ គុណ ប៉ុប ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅត្រពាំងថ្ម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ស្លាប់)។
ករណីទី០២៖ នៅវេលាម៉ោង ៨និង២០នាទីយប់ គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ បើកស្របទិសគ្នាលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យស្លាប់ម្នាក់។
ជនរងគ្រោះឈ្មោះ សំ ម៉ាឡៃ ភេទស្រី អាយុ៣៤ឆ្នាំ (ស្លាប់) និងរបួសឈ្មោះ វ៉ា សុជីវ័ន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិពេជ្រចង្វាយ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង និងឈ្មោះ រតនា ភេទ ប្រុស អាយុ១៦ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ម៉ូតូម៉ាកស៊ីប៊ីអរ (CBR) ពាក់ស្លាកលេខ ភ្នំពេញ 1HM-7756 បើកពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុកជាមួយរថយន្តមួយគ្រឿង មិនស្គាល់ម៉ាកបុកពីក្រោយ។ ករណីខាងលើ សមត្ថកិច្ច កំពុងបន្តការស្រាវជ្រាវរកមូលហេតុពិតប្រាកដ។
បច្ចុប្បន្នវត្ថុតាងទាំងអស់ បានបញ្ជូនមករក្សាទុកជាបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រង់ចាំចំណាត់ការនីតិវិធីបន្ដ៕
មតិយោបល់