កោះកុងៈ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ស្រុកស្រែអំបិល បានទទួលពាក្យបណ្ដឹងពីឈ្មោះ ឃីម ខន ភេទប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ មានទីលំនៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ប្ដឹងឈ្មោះ សៀង ហៃ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិឃុំជាមួយគ្នា ប្តឹងពីបទប្រើហិង្សាជេរប្រមាថ និងរំលោភលើលំនៅដ្ឋានរបស់គាត់ ។
ករណីខាងលើនេះ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២០និង០០នាទី ជនសង្ស័យបានយកដែកបំពង់ទីប និងដាវ វាយ និងបម្រុងកាប់ទៅលើជនរងគ្រោះ ប៉ុន្តែពុំបណ្ដាលឱ្យរងរបួសឡើយ ដោយសារមានអ្នកនៅជិតចាប់ជនបង្កជាប់ ។ រហូតមកដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២០និង០០នាទី ពេលជនរងគ្រោះ (គ្រូពេទ្យ) កំពុងអង្គុយជុំគ្នាហូបបាយ ជាមួយក្រុមគ្រួសារ ខណៈនោះស្រាប់តែជនសង្ស័យ បានយកដុំថ្មគប់ដំបូលផ្ទះរបស់គាត់ចំនួន០៣ដង និងបានជេរប្រមាថមកលើរូបគាត់ជាច្រើន ដោយពុំមានមូលហេតុអ្វីទាល់តែសោះ ។
ក្រោយពេលសួរចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តលើជនរងគ្រោះពិតប្រាកដមែន និងបានធ្វើតេស្តរកសារធាតុញៀន មានវិជ្ជមានសារធាតុញៀនក្នុងខ្លួន ហើយបានធ្វើតេស្តរហ័សរកមេរោគកូវីដ-19 (អវិជ្ជមាន ) ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តកោះកុង ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់