ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូមួយគ្រឿង ឌុបគ្នាតាមដងផ្លូវ ត្រូវរថយន្តដឹកដែកបុកពីក្រោយនិងកិន កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅជិតវត្តព្រៃស្ពឺ លើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន ២នាក់ ជិះម៉ូតូម៉ាកទ្បេត ពាក់ស្លាកលេខ ភ្នំពេញ1FA 3875 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមា នរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C 5352 ដឹកដែកពេញរថយន្ត ធ្វើដំណើរមកពីក្រោយ បុកនិងកិនបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ចំណែកម៉ូតូរងការខូចខាតស្ទើរទាំងស្រុង។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ដោយឡែកសព ត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់