ព័ត៌មានជាតិ

រថយន្តម៉ាស្តា បើកបុកនិងកិនបុរសម្នាក់បាក់ជើងឆ្វេង

ភ្នំពេញ: បុរសម្នាក់ត្រូវរថយន្តម៉ាកម៉ាស្តាមួយគ្រឿង បុកនិងកិន បាក់ជើងឆ្វេង ខណ:ដែលជិះម៉ូតូមួយគ្រឿងជែងស្តាំ ជួបឧបសគ្គក៏បានបត់កាត់មុខរថយន្ត កាលពីវេលាម៉ោង១ និង៤០នាទីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៩ តាមបណ្តោយផ្លូវ ៦២R សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះ សេង ណាក់ ភេទប្រុសអាយុ៣០ឆ្នាំ ជាកម្មករ សំណង់ជិះម៉ូតូម៉ាកហុនដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1P-7458 មានលំនៅផ្ទះជួល ម្តុំជ្រោះបាត់ស្នេហ៍ ក្នុងសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ។

ចំណែករថយន្តម៉ាកម៉ាស្តា ពណ៌ស ពុំមានស្លាកលេខ បើកបរ ដោយស្រ្តីម្នាក់មិនស្គាល់អត្តសញ្ញាណ បានបើកដឹកកូនស្រី២នាក់ ទៅរៀន។

តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បានបើកតាមផ្លូវ លេខ៦២R ក្នុងទិសដៅពីកើតទៅលិច នៅពេលមកដល់កន្លែងកើតហេតុ ដែលជាផ្លូវចង្អៀត ស្រាប់តែមានម៉ូតូជនរងគ្រោះ ធ្វើដំណើរ ស្របគ្នា ហើយ បានបើកជែងស្តាំ ក៏បានជួបឧបសគ្គមានម៉ូតូរ៉ឺម៉កឈប់នៅពីមុខ ក៏បានទាញចង្កូតគេចចេញ ក៏ត្រូវរថយន្តបុកនិងកិនបាក់ជើង តែម្តង ។

បន្ទាប់ពីគ្រោះថ្នាក់ ជនរងគ្រោះ ត្រូវបានរថយន្តបញ្ជូន ទៅកាន់មន្ទីរពេទ្យ ឯកជន ហើយខាងម្ចាស់ រថយន្ត បានសម្របសម្រួលគ្នា ជួយចេញថ្លៃព្យាបាលដើម្បីបញ្ចប់រឿង៕

មតិយោបល់