ភ្នំពេញៈ កាលពីវេលាម៉ោង ៥និង៣០នាទីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ១៤៣ ផ្លូវ២៨៦ ក្រុមទី៤៧ ភូមិ១១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីឃាតកម្ម ជនសង្ស័យវាយនឹងដំបងដែកជ្រុង បណ្តាលឲ្យជនរងគ្រោះស្លាប់។
ជនសង្ស័យឈ្មោះ ឈុន ឌីម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ។
ជនរងគ្រោះឈ្មោះ ផុន សាលីន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកើតហេតុខាងលើ មុខរបរ បុគ្គលិកហាងថតរូបល្អពេញចិត្ត។ ជនរងគ្រោះនិងជនសង្ស័យ ស្នាក់នៅផ្ទះកើតហេតុជាមួយគ្នា ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ពេលជនរងគ្រោះកំពុងអង្គុយចុចទូរសព្ទលេង ក៏ស្រាប់តែជនសង្ស័យ បានដើរមកពីក្រោយ យកដំបងដែកជ្រុង វាយក្បាលជនរងគ្រោះពីក្រោយ បណ្ដាលឲ្យបែកចេញឈាមដួលសន្លប់ ហើយសង្ស័យក៏បានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យវិសាលសុខ រួចបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយបន្តទៅប្រទេសវៀតណាម រួចស្លាប់បាត់បង់ជីវិតនៅប្រទេសវៀតណាម ហើយត្រូវបានដឹកត្រឡប់មកវិញយកទៅធ្វើបុណ្យនៅឯខេត្តតាកែវ ។
រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១និង៣០នាទី ក្រុមប្រតិបត្តិការចម្រុះរួមមាន នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ នគរបាលខណ្ឌចំការមន សហការជាមួយ នគរបាលស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យ នៅចំណុចខាងត្បូងភ្នំយាយសំ ភូមិទួលពង្រ ឃុំទួលពង្រ ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី ។
មូលហេតុ៖ បណ្ដាលមកពីជនសង្ស័យប្រច័ណ្ឌ ជនរងគ្រោះជាមួយនឹងប្រពន្ធរបស់ខ្លួន៕
មតិយោបល់