ភ្នំពេញ៖ សាលារាជធានីភ្នំពេញមានផែនការពង្រីកកំណាត់ផ្លូវមហាវិថីសុធារសនៅខាងក្រៅច្រកទ្វារធំចូលទៅកាន់ផ្សារទំនើប អ៊ីអនថ្មី ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ នៅពេលផ្សារកម្ពស់បួនជាន់នេះបើកជាផ្លូវការនៅថ្ងៃចន្ទ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត ខេមបូឌា ដេលី។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សំ ពិសិដ្ឋ បានថ្លែងថា “យើងមានផែនការពង្រីកផ្លូវទទឹងបួនម៉ែត្រ។ ប្រវែងបីម៉ែត្រនឹងពង្រីកផ្នែកខាងកើតផ្លូវនិងមួយម៉ែត្រទៀតនឹងពង្រីកផ្នែកខាងលិចផ្លូវ”។ លោក ពិសិដ្ឋ បានបដិសេធមិនផ្តល់សេចក្តីលម្អិតថែមទៀត ឬនិយាយថា ពេលណាគម្រោងនេះនឹងចាប់ផ្តើមទេ។ ប៉ុន្តែគ្រាន់តែឲ្យដឹងថា ផ្លូវនេះក៏នឹងត្រូវដាក់ភ្លើងស្តុបថ្មីផងដែរ “នៅឆ្នាំ២០១៥”។
ប្បន្ននេះសាលារាជធានីកំពុងសិក្សាអំពីចរាចរណ៍នៅតាមមហាវិថីសុធារស ហើយថាការពង្រីកមិនបន្ទាន់ទេ។ នេះជាការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរបស់សាលារាជធានី។ លោកបានបន្តទៀតថា យើងបារម្ភខ្លាំងណាស់អំពីបញ្ហាកកស្ទះចរាចរណ៍នេះ។ យើងកំពុងពិនិត្យលទ្ធភាពដើម្បីជួយដោះស្រាយបញ្ហានេះ។ ការពង្រីកផ្លូវពិតជាមិនសំខាន់ទេ ពីព្រោះយើងមិនដឹងថាអាចពង្រីកប៉ុន្មានម៉ែត្រទេ? ជីវកម្មដែលមានស្រាប់នៅតាមផ្លូវ មិនអាចឲ្យយើងពង្រីកធំជាងពីរម៉ែត្រទេ ហើយសាលារាជធានីភ្នំពេញពេលនេះកំពុងផ្តោតលើការពង្រីកផ្លូវតូច នៅចិញ្ចើមផ្សារទំនើបតាមទន្លេបាសាក់ ហើយការពង្រីកនេះ នឹងមានការចូលរួមចំណែកពីម្ចាស់សណ្ឋាគារសូហ្វីតែល និងម្ចាស់ផ្សារទំនើបអុីអន ដើម្បីស្ថាបនាផ្លូវនេះពីផ្នែកខាងកើត។
គួរបញ្ជាក់ផងដែរថា ផ្សារទំនើបអ៊ីអន សាងសង់អស់ប្រាក់ចំនួន ២០៥លានដុល្លារអាមេរិក មាន១៩០តូបនិងហាងនឹងបើកសម្រាប់សាធារណជននៅថ្ងៃចន្ទនេះ។ ផ្សារទំនើបនេះមានច្រកចូលធំៗចំនួនពីរ មួយនៅតាមមហាវិថីសុធារស និងមួយទៀតស្ថិតនៅតាមផ្លូវតូចមួយនៅតាមបណ្តោយទន្លេបាសាក់៕
មតិយោបល់