Post News Media ព័ត៌មានជាតិ បុរសម្នាក់ ជិ...

បុរសម្នាក់ ជិះម៉ូតូ PCX លឿនពេកជ្រុលទៅបុករថយន្តតារាសម្ដែង ឆៃ លីដាឡែន កំពុងចតស្ងៀមរងការខូចខាត

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូមួយគ្រឿងបោះយ៉ាងលឿន បានជ្រុលទៅបុករថយន្តតារាសម្ដែងម្នាក់ កំពុងចតអែបចិញ្ចើមផ្លូវ មុខអូតែលសុខា បណ្ដាលរងរបួសស្រាល។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវទន្លេសាប ត្រង់ចំណុចមុខអូតែលសុខា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1DB 7534 ជិះក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរពីត្បូងទៅជើងយ៉ាងលឿន។ មកដល់ចំណុចកើតហេតុ បានវ៉ារថយន្តស៊ិនទ្រីដឹកសំរាម ក៏ជ្រុលទៅបុករថយន្តកាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ2AA 1394 ជារថយន្តរបស់តារាសម្ដែងអ្នកនាង ឆៃ លីដាឡែន ដែលចតស្ងៀមអែបចិញ្ចើមផ្លូវចំមុខពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល ចំណែករថយន្តនិងម៉ូតូ រងការខូចខាតដូចគ្នាបន្តិចបន្ទួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយខាងម៉ូតូបង្កបានសុំទោសទៅលើម្ចាស់រថយន្ត ហើយតារាសម្ដែងអ្នកនាង ឆៃ លីដាឡែន ក៏ព្រមអធ្យាស្រ័យឲ្យដោយមិនទាមទាសំណងនោះទេ គ្រាន់តែប្រាប់ថាថ្ងៃក្រោយកុំជិះលឿនពេក រួចបានចែកផ្លូវទៅរៀងៗខ្លួន៕