ព័ត៌មានជាតិ

អាមេរិក ដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់

អាមេរិកៈ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងរតនាគារអាមេរិក បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា អាមេរិក បានដាក់ទណ្ឌកម្មលើរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។

កាលពីថ្ងៃពុធ ក្រសួងបាននិយាយថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើលោក Zarif សម្រាប់សកម្មភាព ដែលតាំងខ្លួនជាមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei។

ដោយរដ្ឋលេខាធិការក្រសួងរតនាគារលោក Steven Mnuchin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Zarif បានអនុវត្តរបៀបវារៈ ដែលមិនចេះពិចារណារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ ហើយក៏ជាអ្នកនាំពាក្យចម្បងរបស់របបនេះ នៅជុំវិញពិភពលោកផងដែរ។

ពាក់ព័ន្ធនឹងការលើកទ្បើងនេះ លោក Zarif ក៏បានធ្វើការច្រានការដាក់ទណ្ឌកម្ម នៅលើបណ្តាញសង្គម Twitter ដោយនិយាយថា ចំណាត់ការរបស់អាមេរិក គឺជាបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន ចាត់ទុកលោក ជាការគំរាមកំហែងមួយ។

លោកបានមានប្រសាសន៍ថា «ទណ្ឌកម្មនេះ មិនមានឥទ្ធិពលអ្វីមកលើរូបលោក ឬគ្រួសាររបស់លោកនោះទេ ព្រោះលោកក៏គ្មានទ្រព្យសម្បត្តិ ឬចំណាប់អារម្មណ៍ទៅណា ក្រៅពីប្រទេសអ៊ីរ៉ង់ទ្បើយ៕

មតិយោបល់