ព័ត៌មានជាតិ

ប្រើសារធាតុញៀនលើសកម្រិត ប្រដាប់ដោយពូថៅ និងកាំបិត ដើរគំរាមអុកឡុកក្នុងមូលដ្ឋាន ផ្អើលសមត្ថកិច្ចដេញចាប់

ភ្នំពេញ: យុវជនម្នាក់ បានប្រើប្រាស់ថ្នាំញៀនហួសកម្រិត ប្រដាប់ដោយពូថៅ និងកាំបិត បានដើរគំរាមអុកឡុកប្រជាពលរដ្ឋ ក្នុងមូលដ្ឋានតាមផ្លូវ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋភ័យខ្លាច កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅក្នុងភូមិត្រថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ តាមចាប់ខ្លួនបាន នៅចំណុចផ្ទឡ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

យុវជនខាងលើឈ្មោះ សង សានម៉ៅ អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិត្រពាំងជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅម្តុំអាងទឹកអូឡាំពិច ទើបតែមកទីនេះ បាន២ថ្ងៃហើយ ដើររកសុំលុយបងប្អូន។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា គេឃើញយុវជនរូបនេះ មានវត្តមានក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅ១ បាន២ថ្ងៃមកហើយ ទើបតែនៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ ស្រាប់តែឃើញជនខាងលើ ប្រដាប់ដោយពូថៅមួយ កាំបិតមួយ នៅនឹងដៃ ដើរគំរាមអុកឡុកក្នុងមូលដ្ឋាន បង្កឲ្យមានការភ័យព្រួយ ដើរវាយរបស់របរ ប្រជាពលរដ្ឋតាមចាប់ឃាត់ ដល់ផ្ទះឡ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ យុវជនខាងលើ កាប់ក្បាល កាប់ដៃខ្លួនឯង ហូរឈាមកក្លាក់ ទម្រាំចាប់បាន សមត្ថកិច្ចប្រើបំពង់ពន្លត់អគ្គិភ័យ មកបាញ់ផ្សែង ឲ្យហុយងងឹត ដើម្បីចាប់ឃាត់ខ្លួន នាំយកទៅសាលាសង្កាត់ចមចៅ១ រង់ចាំប្រគល់ឲ្យមន្ទីរសង្គមកិច្ច ។

ក្រោយមកក៏មានវត្តមានបុរសម្នាក់ ឈ្មោះ ឆាត ផារ៉ា អាយុ៥៧ឆ្នាំ មុខរបរ កម្មករសំណង់ ត្រូវជាឪពុករបស់យុវជនខាងលើ នៅសង្កាត់ចោមចៅ១ បានឲ្យដឹងថា គាត់មានប្រពន្ធឈ្មោះ ចេក នួន អាយុ៦០ឆ្នាំ មុខរបរកម្មករសំណង់ ដូចគ្នា មានកូនចំនួន៦នាក់ ប្រុស៤នាក់ ស្រី២នាក់ យុវជនខាងលើ ជាកូនទី៦ ។

បុរសជាឪពុក បានឲ្យដឹងថា កូនប្រុសគាត់ប្រើប្រាស់ថ្នាំញៀនច្រើនខែឆ្នាំមកហើយ រហូតដល់មេការសំណង់ បញ្ឈប់ពីការងារ ក៏ដើរគ្មានគោលដៅ ទោះជាកន្លងមក ចាប់នាំខ្លួនទៅ ដាក់នៅមណ្ឌបន្សាបគ្រឿងញៀន ចេញមកវិញ លើសដើម ។

តាមស្ត្រីឈ្មោះ ទីត ស្រីល័ក្ខ អាយុ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ត្រូវជាបងថ្លៃ ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ បានឲ្យដឹងថា យុវជនជាប្អូនថ្លៃ បានមកសុំលុយ តាំងពីថ្ងៃម្សិលមិញម្ល៉េះ ហើយនៅព្រឹកថ្ងៃទី០១ ខែសីហា នេះ គាត់បានឲ្យលុយ២ម៉ឺនរៀល អ្នកជិតខាងឲ្យ២ម៉ឺនរៀលទៀត បាន៤ម៉ឺនរៀល ប្រាប់ឲ្យវិលត្រឡប់ទៅស្រុកវិញ រួចក៏ដើរចេញបាត់ ស្រាប់តែមួយសន្ទុះក្រោយមក មិនដឹងថា យ៉ាងដូចម្តេច បែរជា ស្រែកឡូឡា ដើរកាន់ពូថៅ តាមផ្លូវ ក្នុងភូមិ ផ្អើលប្រជាពលរដ្ឋសមត្ថកិច្ច ។

តាមសម្តីឪពុករបស់យុវជនខាងលើ រៀបរាប់ទាំងទឹកភ្នែក ស្នើសុំឲ្យសមត្ថកិច្ច អាជ្ញាធរ ជួយដល់ក្រុមគ្រួសារគាត់ ចាប់ឃាត់ កូនប្រុសគាត់ ដើម្បីប្រគល់ខ្លួន ទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ។ បច្ចុប្បន្នយុវជននេះ ត្រូវបាន ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ជនខាងលើ និងអ្នកដទៃ ៕

មតិយោបល់