ព័ត៌មានជាតិ

រថយន្តបើកឆ្លងផ្លូវ ម៉ូតូជិះបុក បណ្តាលឲ្យរងរបួសពីរនាក់

ភ្នំពេញ: រថយន្តកូរ៉ូឡាមួយគ្រឿង បានព្យាយាមបើករត់គេចខ្លួន តែក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន បន្ទាប់ពីបើកឆ្លងកាត់ផ្លូវបំបែកបួន រួចត្រូវម៉ូតូមួយគ្រឿង ជិះបុកចំពាក់កណ្តាលពេញទំហឹង កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ តាមបណ្ដោយផ្លូវ២៥៣ កែងនិងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសនារីពីរនាក់ បើកបររថយន្តមួយគ្រឿង ម៉ាកតូយូតាកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-6476 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវ២៥៣។

លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានបើកឆ្លងផ្លូវ១៥៦ ឆ្ពោះទៅមុខ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកធូដេ ពណ៌ស្វាយ ពាក់ស្លាកលេខភ្នំពេញ1HA-4639 បើកបរដោយបុរសនារីពីរនាក់ តាមបណ្តោយផ្លូវ១៥៦ ក្នុងទិសដៅពីកើតទៅលិច ជាមួយល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តខាងលើ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតក្រពឹតទ្វារខាងមុខចំហៀងខាងស្តាំ ចំណែកឯម៉ូតូរងការខូចខាតវៀចផ្នែកខាងមុខ និងអ្នកបើកបរម៉ូតូទាំងពីរនាក់បានរងរបួសធ្ងន់។

ភ្លាមៗនោះរថយន្តខាងលើ បែរជាបន្ថែមល្បឿនបើករត់គេចខ្លួន ចេញពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ច ដែលប្រចាំការនៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ ជិះដេញតាមនិងស្ទាក់ឃាត់បានវិញ នៅត្រង់ចំណុចខាងមុខហាងសាច់អាំងហេងហេង២ ស្ថិតតាមបណ្ដោយផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវសាច់ញាតិដឹកតាមម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុម:ភ្លាមៗ ដោយឡែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់