ភ្នំពេញៈ អធិការខណ្ឌសែនសុខបានបង្ហាញមុខជនសង្ស័យ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ និងជួញដូរគ្រឿងញៀន៤នាក់ មុនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីម៉ោង០៩និង១៥នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ។
ជនសង្ស័យខាងលើរួមមាន១ ឈ្មោះ គ្រី ម៉ុងហេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់ នៅផ្ទះលេខ៧៣ ក្រុម៦ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់)។ ទី២.ឈ្មោះ គឹម ករុណា អាយុ២២ឆ្នាំមុខរបរនិស្សិត ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ។ ទី៣.ឈ្មោះ ចន ភិរៈ ហៅអារ៉ា ហៅអាម៉ាប់ ហៅអាសិទ្ធ ហៅអាយក្ស ភេទប្រុសអាយុ២២ឆ្នាំ មុខរបរយោធាស្នាក់នៅពោធិចិនតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ទី៤ឈ្មោះ ខូវ ចាន់សិលា ភេទប្រុសអាយុ២២ឆ្នាំមុខរបររត់តុស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ទាំង៣នាក់ខាងក្រោមនេះជាប់ពីបទប្រើប្រាស់គ្រឿងញៀន)។
លោក ម៉ក់ ហុង អធិការខណ្ឌបានប្រាប់ឲ្យដឹងថា ករណីឃាត់ខ្លួនក្រុមខាងលើនេះធ្វើឡើងកាលពីម៉ោង១៩និង៣០នាទីយប់ថ្ងៃទី១៧ កក្កដា ២០១៦ នៅចំណុចផ្ទះលេខ៧៣ ក្រុម៦ ផ្លូវបេតុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយមានសហការណ៍ល្អពីស្ត្រីជាម្តាយជនសង្ស័យឈ្មោះ គ្រី ម៉ុងហេង បានប្តឹងទៅនគរបាលខណ្ឌសែនសុខទើបកម្លាំងលោកចុះទៅបង្ក្រាបដោយឃាត់ខ្លួនបាន៤នាក់ខាងលើ និងដកហូតបានកាំភ្លើងខ្លី K54 មួយដើមមាន០៨គ្រាប់ និងសំបកគ្រាប់ចំនួន០២ ថ្នាំញៀន០២កញ្ចប់ជញ្ជីងថ្លឹងមួយ និងសម្ភាៈមួយចំនួនទៀត ។
លោកបានបន្តថា ក្រោយពីធ្វើការសាកសួរទៅលើឈ្មោះ គ្រី ម៉ុងហេង ពីរឿងដែលកាន់កាប់អាវុធខុសច្បាប់ ឈ្មោះខាងលើបានប្រាប់ថាកាំភ្លើងនេះខ្លួនបានទិញមកជាយូរមកហើយ ដោយទុកគំរាមបាញ់ម្តាយ និងឪពុកពេលបង្ខំឲ្យខ្លួនទៅបន្សាបគ្រឿងញៀន និងទុកសម្រាប់ពេលដែលសមត្ថកិច្ចចុះបង្ក្រាបបើទាល់ច្រកនិងតដៃមិនខាន។
ក្នុងករណីបង្ក្រាបក្រុមជនសង្ស័យខាងលើនេះ លោកវរសេនីយ៍ឯក ម៉ក់ ហុង ក៏បានឧបត្ថមថវិកាផ្ទាល់ខ្លួនចំនួន៤០ម៉ឺរៀលជាការលើកទឹកចិត្តដល់លោកអនុសេនីយ៍ទោ ដួង វណ្ណៈ នាយប៉ុស្តិ៍ស្តីទីសង្កាត់ភ្នំពេញថ្មីដែលប្រឹងប្រែងក្នុងការបង្ក្រាបលើករណីនេះ៕




មតិយោបល់