ឧត្តរមានជ័យៈ បុរសម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ ខណៈរុញទូដែកប៉ះខ្សែភ្លើង កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
តាមរបាយការណ៍របស់សមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បានបិទតូបលក់ដូររបស់ខ្លួន ហើយបានរុញទូដែកច្នៃសម្រាប់ដាក់មួកសុវត្ថិភាពលក់ មានកម្ពស់ប្រហែល២ម៉ែត្រ ដើម្បីយកចូលក្នុងផ្ទះដូចសព្វមួយដង ស្រាប់តែទូនោះជ្រុលទៅប៉ះ និងខ្សែភ្លើង ដែលជាប់ហ្នឹងពិដានផ្ទះគាបដាច់ក៏បណ្តាលឲ្យឆក់តែម្តង។
សមត្ថកិច្ច បានបន្ដទៀតថា ជនរងគ្រោះ ទាំងពីរនាក់ ទី១-ឈ្មោះ គុណ ហេង ភេទប្រុស អាយុ១៧ឆ្នាំស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិកើតហេតុខាងលើ មុខរបរជាងជួសជុលម៉ូតូ មានស្រុកកំណើតនៅ ភូមិរកាកោង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម (ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ) ទី២-ឈ្មោះ តូ រ៉ូ ភេទប្រុស អាយុ ១៧ឆ្នាំស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិកើតហេតុខាងលើ មុខរបរជាងជួសជុល និងមានស្រុកកំណើតនៅភូមិ ឃុំ ជាមួយជនរងគ្រោះ បានរងរបួសធ្ងន់។
ក្រោយពីកើតហេតុ កម្លាំងប៉ូលិសប៉ុស្តិ៍ រួមជាមួយជំនាញក្រុងនិងខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ និងបានប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើត និងជនរងគ្រោះម្នាក់ទៀត បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ៕







មតិយោបល់