ព័ត៌មានជាតិ

មានវីដេអូ៖ ចៅសង្កាត់រងស្ពានថ្ម ជួបគ្រោះថ្នាក់ចរាចរណ៍ តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជិវិត!

ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយ១គ្រឿង បានបើកទៅបុករថយន្តកាមរីឆ្លាមចំពីហៀង បណ្ដាលឲ្យរងការខូចខាត និងបានបង្កឲ្យមានការកក់ស្ទះចរាចរណ៍យ៉ាងខ្លាំង។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចមុខផ្សារសារឿនយ៉ាន្នី តាមបណ្ដោយផ្លូវ២១៧ (ហៅផ្លូវចំការដូង) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើករថយន្តរងគ្រោះម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2C-9779 មានឈ្មោះ តា ម៉ណ អាយុប្រហែល៥០ឆ្នាំជាង មានមុខងារជាចៅសង្កាត់រង ស្ពានថ្ម ក្នុងខណ្ឌដង្កោ។ ចំណែកភាគីខាងរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿងលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-7496 អ្នកបើកបរមានឈ្មោះ កែវ សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅម្ដុំវត្តអន្លង់ម្លូ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញរថយន្តកាមរីឆ្លាម ដែលជារថយន្តរងគ្រោះបានបើកចេញពីផ្សារសារឿនយ៉ាន្នី ទិសដៅពីលិចទៅកើត ដោយបានបើកឆ្លងផ្លូវ២១៧ បំរុងបត់ឆ្វេង ខណៈបើកបានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយ១គ្រឿង ដែលបានដឹកដីឡើងពេញ បានធ្វើដំណើតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម និងជាន់ហ្វាំងមិនស៊ី ក៏បានជ្រុលទៅបុករថយន្តកាមរីឆ្លាមចំពីហៀងខាងឆ្វេង បណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបានគូសវាស់វែងយករថយន្តទាំង២ចេញពីកន្លែងកើតហេតុ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ រួមទាំងឲ្យភាគីទាំង២ធ្វើការចចារគ្នាតាមជាបឋម។

ជាចុងក្រោយ ភាគីខាងរថយន្តហ៊ីយ៉ាន់ដាយ បានចេញថ្លៃខូចខាតទាំងអស់ទៅលើភាគីរថយន្តកាមរីឆ្លាម ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕

https://youtu.be/6cH_D6ZO08k

មតិយោបល់