ព័ត៌មានជាតិ

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា រងខូចខាតមួយគ្រឿងដំណំ ស្ត្រីម្នាក់របួសបាក់ធ្មេញអស់៤

ភ្នំពេញ: រថយន្ត៣គ្រឿងបើកបុកបន្តកន្ទុយគ្នា ក្នុងនោះមានរថយន្តមួយគ្រឿងរងខូចខាតយ៉ាងដំណំ ហើយក៏មានស្ត្រីម្នាក់ រងរបួសបាក់ធ្មេញអស់៤ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ម៉ាកKIA ឃ្លប់ ពណ៌ ស ពាក់ស្លាកលេខ កណ្តាល 3A-0083 ដឹកអីវ៉ាន់រោងចក្រ បើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បង្អន់ល្បឿន ស្រាប់តែ រថយន្តម៉ាកព្រុស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2651 បើកបរដោយបុរសជនជាតិចិន រួមដំណើរដោយស្ត្រីខ្មែរ អ្នកបកប្រែ បានបើកស្របទិស ជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុក ចូលពីក្រោមរថយន្តឃ្លប់ បណ្តាលឲ្យរងខូចខាតយ៉ាងដំណំ ហើយក៏មានរថយន្ត ម៉ាកតូយ៉ូតា YARIS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-5658 បើកបរដោយស្ត្រីម្នាក់ រួមដំណើរជាមួយ បុរស២នាក់ ស្រី២នាក់ទៀត បើកពីលិចទៅកើត ស្របទិសជ្រុលទៅប៉ះពីក្រោយរថយន្តព្រូស តែបន្តិចបន្តួច ក៏ប៉ុន្តែ អ្នកជិះក្នុងរថយន្ត YARIS មានស្ត្រីម្នាក់ អុកទង្គិចក្បាល ក្នុងរថយន្ត បណ្តាលឲ្យរងរបួសបាក់ធ្មេញអស់៤គ្រាប់ ។

ក្រោយកើតហេតុ ភាគីទាំង៣ ធ្វើការសម្របសម្រួលគ្នា សមត្ថកិច្ចចុះទៅមិនទាន់ដល់ កន្លែងកើតហេតុផង ទាំង៣ភាគី សម្រេចឯកភាពគ្នា យករថយន្តទៅជួសជុលរៀងខ្លួន ដោយគ្មានអ្នកណាសងខាងណា ៕

មតិយោបល់