ព័ត៌មានជាតិ

មន្ត្រីកងរាជអាវុធហត្ថម្នាក់ បើករថយន្តប៉ះគ្នាជាមួយរថយន្ត ២គ្រឿង បង្កជាហិង្សាផ្អើលសមត្ថកិច្ច

ភ្នំពេញៈ រថយន្តលុចស៊ីសRX330មួយគ្រឿង បើកបរបោះពួយយ៉ាងលឿន ព្យាយាមវ៉ាជែងបំណងបត់ត្រឡប់ទៅក្រោយវិញ ក៏រថយន្តហាយឡែនឌ័រមួយគ្រឿងទៀត បុកចំពេញទំហឹង និងជ្រុលទៅបុករថយន្ត CRVមួយគ្រឿងទៀត កើតជាហិង្សារឈ្លោះប្រកែកគ្នា កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខបុរីពិភពថ្មី ស្ថិតតាមបណ្ដោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសពីរនាក់ បើកបររថយន្តមួយគ្រឿង ម៉ាកហាយទ្បែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AR-5404 ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងទិសដៅពីលិចទៅកើត ជាមួយល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកលុចស៊ីសRX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AX-4735 បើកបរដោយបុរសពីរនាក់ ក្នុងស្ថានភាពស្រវឹង មកពីក្រោយក្នុងល្បឿនយ៉ាងលឿន ហើយព្យាយាមវ៉ាជែងខាងស្តាំ បម្រុងបត់ត្រឡប់ក្រោយនៅពីមុខរថយន្តហាយទ្បែនឌ័រខាងលើ មិនប្រយ័ត្ន ក៏ត្រូវរថយន្តហាយទ្បែនឌ័រ ជាន់ហ្វ្រាំងមិនទាន់ បុកចំកង់ខាងមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តហាយទ្បែនឌ័រ រងការខូចខាតក្រពឹតកាង និងបែកចង្កៀងខាងមុខចំហៀងខាងស្តាំ។

ដោយទ្បែករថយន្តលុចស៊ីស នៅមិនទាន់អស់ល្បឿន ក៏បន្តទៅមុខឆ្លងចូលផ្លូវម្ខាងទៀត ទៅបុកនិងរថយន្តមួយគ្រឿងទៀត ម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C-5769 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យរងការខូចខាតក្រពឹត និងធ្លាក់កាងផ្នែកខាងមុខ ចំណែកឯរថយន្តលុចស៊ីស រងការខូចខាតដាក់ក្រឡេកង់ខាងមុខចំហៀងឆ្វេង និងក្រពឹតកាងខាងស្តាំ។

បន្ទាប់មកអ្នកបើកបររថយន្តហាយទ្បែឌ័រ បានចុះពីលើរថយន្តសំដៅទៅរករថយន្តលុចស៊ីស រួចក៏ឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រតាយប្រតប់គ្នា បង្កឲ្យអ្នកបើកបររថយន្តលុចស៊ីស រងរបួសបែកមាត់ ភ្លាមៗនោះក៏មានសមត្ថកិច្ចមូល បានចុះមកអន្តរាគមន៍ផងដែរ។

បើតាមសម្ដីពីបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីកងរាជអាវុធហត្ថ និងជាអ្នកបើកបររថយន្តលុចស៊ីស បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើករថយន្ត មកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបានរថយន្តហាយទ្បែនឌ័រខាងលើក បុកចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តរបស់គាត់ ជ្រុលទៅបុកនឹងរថយន្តCRVខាងលើតែម្ដង។ ភ្លាមៗនោះអ្នកបើកបររថយន្តហាយឡែនឌ័រ ក៏បានចុះមកដកសោរថយន្តរបស់គាត់ និងបានវាយមកលើរូបគាត់ បណ្ដាលឲ្យរងរបួសបែកមាត់ផងដែរ។

បើតាមសម្ដីពីបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាល និងជាអ្នកបើកបររថយន្តហាយឡែនឌ័រខាងលើ បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុរថយន្តលុចស៊ីសខាងលើ បានបើកវ៉ាជែងខាងស្ដាំនឹងបត់ត្រឡប់ក្រោយពីមុខរថយន្តរបស់គាត់ បណ្ដាលឲ្យគាត់ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពេញទំហឹង ហើយដោយគាត់ខ្លាចអ្នកបើកបររថយន្តលុចស៊ីស បើករថយន្តគេចខ្លួន គាត់ក៏បានចុះរត់ដកសោរថយន្តលុចស៊ីស ប៉ុន្តែគាត់មិនបានវាយទៅលើអ្នកបើកបររថយន្តលុចស៊ីស ឲ្យរងរបួសបែកមាត់នោះទេ។ ហើយរបួសនោះ គឺបណ្តាលមកពីអ្នកបើកបររថយន្តលុចស៊ីសបោក ត្រូវនិងចង្កូតរថយន្តប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ ដោយមានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ជួយធ្វើការសម្របសម្រួលភាគីទាំងសងខាង
ដោយភាគីខាងរថយន្តលុចស៊ីសទំនងជាដឹងកំហុសខ្លួន ក៏ព្រមសម្របសម្រួល និងចេញសំណងចំនួន ៥០០ដុល្លារឲ្យទៅភាគីខាងរថយន្តហាយទ្បែនឌ័រ នឹងចេញសំណងចំនួន ៦០០ដុល្លារឲ្យទៅភាគីខាងរថយន្តCRV ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់