ព័ត៌មានជាតិ

ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុក របួសធ្ងន់ពីរនាក់ តៃកុងរត់គេចខ្លួនបាត់ បន្សល់ទុករបស់ខុសច្បាប់ក្នុងកាប៊ីន

ភ្នំពេញៈ បុរសពីរនាក់ បានរងរបួសយ៉ាងធ្ងន់ ខណៈជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តដឹកទឹកកកមួយគ្រឿង បើកបុកពេញទំហឹង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី ១ខែសីហា ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខជាតិលេខ៥ ស្ថិតត្រង់ចំណុចមុខឃ្លាំងសាំងសូគីមិច ក្នុងភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ។

រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2AF-5407 ជារថយន្តដឹកទឹកកក បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណទេ ក្រោយកើតហេតុ ទុករថយន្តចោល បន្សល់ទុកគ្រឿងញៀនមួយកញ្ចប់តូច និងដាវមួយដើម នៅក្នុងកាប៊ីន។ ម៉ូតូរងគ្រោះ ម៉ាកហុនដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AE-6560 បើកបរដោយជនរងគ្រោះ និងមានអ្នករួមដំណើរពីក្រោយពីរនាក់ រងរបួសធ្ងន់ធ្ងរ មិនត្រូវបានគេស្គាល់អត្តសញ្ញាណ្ណទេ ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់ នៅគ្លីនិកឯកជនមួយកន្លែង។

តាមប្រភពព័ត៌មានកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តខាងលើ បើកបរតាមបណ្ដោយផ្លូវជាតិលេខ ៥ក្នុងទិសដៅពីជើងទៅត្បូង ខណៈដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ជិះគ្នា ២នាក់ បត់ឆ្លងផ្លូវពីកើតទៅលិច ក៏ត្រូវរថយន្តជ្រុលចង្កូតទៅបុកម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ពីរនាក់។ ក្រោយកើតហេតុ អ្នកបើកបររថយន្តដឹកទឹកកក បានបើកទ្វាររត់គេចខ្លួនបាត់ បន្សល់ទុកថ្នាំញៀន និងដាវនៅក្នុងកាប៊ីនរថយន្ត។

ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ បានហៅរថយន្តសាមុយមកដឹកជនរងគ្រោះទាំងពីរនាក់ យកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនមួយកន្លែង រួចហើយធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ភាគីទាំងសងខាងចូលដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់