កែបៈ យុវជនម្នាក់ចេញពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក បើកម៉ូតូម៉ាកឌុក មកប្រហារកូនក្របីដែលរត់ឆ្លងផ្លូវ បណ្តាលឲ្យងាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបររបួសបែកក្បាល សន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង៦៖៥០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវក្រាលកៅស៊ូ របស់ខេត្តកែប និងកំពត (ផ្លូវលេខ១៣,៣២)ស្ថិតក្នុងភូមិតាពីង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ប្រភពព័ត៌មានពីមិត្តភ័ក្ដិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះស្រវឹងស្រា បានជិះម៉ូតូដួលខ្លួនឯងម្តងរួចមកហើយ ហើយមិត្តភ័ក្ដិបានអង្វរមិនឲ្យជិះម៉ូតូចេញមកទេ ប៉ុន្តែរូបគេមិនព្រមស្តាប់ក៏ជិះចេញមក មួយសន្ទុះក្រោយមកក៏មានគេស្គាល់ទូរស័ព្ទ មកប្រាប់ថា មានយុវជនម្នាក់បានជិះម៉ូតូធំបុកកូនក្របីងាប់ រីឯអ្នកបើកបរក៏រងរបួសធ្ងន់ដែរ ទើបខ្លួនមកដល់កន្លែងកើតហេតុទើបដឹងថា ជាមិត្តភ័ក្ដិរបស់ខ្លួនមែន ក៏ប្រញាប់ប្រញាល់ដឹកទៅសង្គ្រោះតែម្តង ។
សមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅពិនិត្យកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ សុខ ស្រស់ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលព្រែកចាកទល់ដែនវៀតណាម មកលេងជាមួយមិត្តភ័ក្ដិធ្វើការ នៅកាសស៊ីណូព្រែកចាក មានស្រុកកំណើតនៅឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ ជិះម៉ូតូម៉ាកឌុក ពណ៌ស លាយទឹលក្រូច ពាក់ស្លាកលេខភ្នំពេញ 1CR 1488 ។ ជនរងគ្រោះបានរងរបួសយ៉ាងធ្ងន់ធ្ងរត្រង់ក្បាល សន្លប់នៅកន្លែងកើតហេតុ ហើយបានក្រុមគ្រួសារខាងមិត្តភ័ក្ដិបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម។ ចំណែកកូនក្របីដែលត្រូវម៉ូតូជនរងគ្រោះបុកងាប់នៅកន្លែងកើតហេតុនោះ ក៏ពុំមានឃើញម្ចាស់មកអះអាងទទួលស្គាល់ថា ជាកូនក្របីរបស់ខ្លួនឡើយ។ សមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់ឲ្យចេញមុខមកទទួលយក និងដើម្បីនិយាយដោះស្រាយគ្នាជាមួយជនរងគ្រោះ៕


មតិយោបល់