ភ្នំពេញៈ ក្រុមកំពូលតារាង ក្រសួងកាពារជាតិ កំពុងត្រូវការ៣ពិន្ទុជាចាំបាច់ ពី Cambodian Tiger ដើម្បីបន្តកាន់កាប់តំណែងកំពូលតារាងនាំមុខគូប្រជែង បឹងកេតអង្គរ ដែលត្រូវជួប ណាហ្គាវើល ល្ងាចនេះនៅពហុកីឡដ្ឋានជាតិ។ ប្រសិនបើទ័ពចាញ់ហើយបឹងកេតឈ្នះ ក្រុមដែលមានមូលដ្ឋាននៅស្តាតចាស់នេះនឹងធ្លាក់ទៅលេខ២។
ប្រវត្តិក្នុងលីគ ៖ ក្រសួងកាពារជាតិ ចាញ់តែម្តងគត់ ក្នុងចំណោម៨ប្រកួតកន្លងមក ចំណែក Cambodian Tiger ឈ្នះ៤ ចាញ់៣ ស្មើ១។ ជំនួប២លើកឆ្នាំមុន កាពារជាតិ ឈ្នះ ១ Tiger ឈ្នះ១។
ជើងកីឡាករ៖ ខ្សែប្រយុទ្ធ ភួង សុខសាណា របស់កាពារជាតិ មានរបួសជើងអំឡុងពេលជួយជម្រើសជាតិឈ្នះ ទីម័រខាងកើត ២-០ កាលចុងសប្តាហ៍មុន, ចំណែកអ្នកចាំទី អ៊ំ សេរីរ័ត្ន និង ខ្សែប្រយុទ្ធ កែ វណ្ណៈ ក៏មិនទាន់ជាទាំងស្រុងដូចគ្នា។ ងាកទៅ Cambodian Tiger កីឡាករនិងជាគ្រូបង្វឹក Masa ក៏កំពុងញំញីដោយរបួសដូចគ្នា។
កាពារជាតិ នឹងជួប Cambodian Tiger ម៉ោង៦ល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ក្រោយ បឹងកេតអង្គរ ជួប ណាហ្គាវើល នៅម៉ោង៣រសៀល។ នៅទីលាន RSN ម្ចាស់ផ្ទះភ្នំពេញក្រោន ក៏នឹងបើកទ្វារទទួលភ្ញៀវ ស៊ីម៉ាក់ វេលាម៉ោង៦ល្ងាចផងដែរ៕


មតិយោបល់