បាត់ដំបងៈ បន្ទាប់ពីធ្វើការស៊ើបអង្កេតអស់រយៈពេល ២ថ្ងៃ កម្លាំងសមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ កាលពីរសៀលថ្ងៃ ទី២ ខែសីហា ឆ្នាំ នៅភូមិបល័ង្ក សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលពាក់ព័ន្ធ ករណីលួចដោះកង់ម៉ូតូរបស់ស្ត្រីម្នាក់ ដែលជិះទៅបាចជីដាក់ស្រែ។
ជនសង្ស័យទី១ឈ្មោះ អឿង រ៉ាវីត អាយុ ១៩ឆ្នាំ នៅភូមិសង្កាត់ខាងលើ និងម្នាក់ទៀតឈ្មោះ សៀត សៅឈី អាយុ ២៣ឆ្នាំ នៅភូមិច្រាបវាល សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ជនដៃដល់ទាំង ២នាក់នេះ ត្រូវបានកម្លាំងជំនាញ នៃអធិការក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានក្រោយពី ពួកគេធ្វើសកម្មភាពលួចដោះកង់ម៉ូតូស្ត្រីម្នាក់ ដែលជិះទៅបាចជីដាក់ស្រែ ។
សូមរឮកថា ស្ត្រីរងគ្រោះឈ្មោះ រឿម ពេជ្រ អាយុ ៥០ឆ្នាំ ត្រូវកន្លែងចោរលួចដោះកង់ម៉ូតូយកអស់ទាំងមុខទាំងក្រោយ ពេលដែលគាត់ជិះដឹកជីយក ទៅបាចដាក់ស្រែ កាលពីវេលាម៉ោង ១១និង២០នាទី ថ្ងៃត្រង់ ថ្ងៃទី៣១ កក្កដា កន្លងទៅនៅចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ជនសង្ស័យលួចដោះកង់ម៉ូតូ នោះស្របពេលគាត់ទុក នៅក្បែរផ្លូវហើយគាត់យកជីទៅបាចស្រូវ ដែលមានចម្ងាយ ១៥០ម៉ែត្រពីកន្លែងទុកម៉ូតូលុះបាចជីរួចត្រឡប់មកវិញ ស្រាប់តែបាត់កង់ម៉ូតូអស់ទាំង ២សល់ តែតួខ្លួន ។
សមត្ថកិច្ចកំពុងសួរចម្លើយ ជនសង្ស័យទាំង ២នាក់ នៅអធិការក្រុងបាត់ដំបង ហើយបើតាមចម្លើយបឋមរបស់ជនសង្ស័យ ពួកគេបានសារភាពថា ពិតជាបានលួច ដោះកង់ម៉ូតូស្ត្រីរងគ្រោះនោះមែន មន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធីហើយ៕
មតិយោបល់