ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងប៉ះគ្នាដួល ស្រាប់តែត្រូវរថយន្ត កំពុងបើកបរកិនជើង បណ្ដាលឲ្យរបួសធ្ងន់បុរស ២នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ០២គ្រឿង និងរថយន្ត០១គ្រឿង បណ្ដាលឲ្យមនុស្សប្រុស ០២ នាក់ រងរបួសធ្ងន់ ត្រង់ចំណុចខាងត្បូងក្លោងទ្វាវត្តព្រះធាតុ លើផ្លូវជាតិលេខ០២ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ម៉ូតូទី១ម៉ាក ហុងដា ហ្សូមមើ ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AE-0856 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់ បញ្ជូនសម្រាកព្យាបាល នៅគ្លីនិចឯកជនសួគ៌ា) ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បើកវ៉ារថយន្តមួយគ្រឿង ក៏ជ្រុលទៅបុកចំពីមុខម៉ូតូម៉ាក ហុងដា សេ១២៥ ពាក់ស្លាកលេខ កណ្តាល 1M-7635 បើកបរដោយឈ្មោះ ទ្រី ដារ៉ារាជ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិអំពៅព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យអ្នកបើកម៉ូតូ ហុងដា សេ125 បោកដួលចូលក្រោមរថយន្ត ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង កិនចំជើងតែម្ដង ។

រថយន្តម៉ាក ដាយវូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-6766 (អ្នកបើកបរ ពុំស្គាល់អត្តសញ្ញាណ គេចខ្លួនបាត់ពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្ត)។

មូលហេតុ៖ មកពីភាគីម៉ូតូម៉ាក ហុងដា ហ្សូមមើ បើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាង ទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់