ភ្នំពេញៈ នារីម្នាក់ត្រូវបានជនសង្ស័យ ២នាក់ ជិះម៉ូតូមកកៀរឲ្យដួល ហើយជនសង្ស័យ ដែលអង្គុយខាងក្រោយលោតចុះពីលើម៉ូតូ មកលើកម៉ូតូនារីរងគ្រោះ ជិះចេញទៅបាត់ ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចឡើយ។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ១០និង ៣០ នាទីយប់ថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ ២០១៩ ត្រង់ចំណុចខាងជើងប្រហែល២០០ម៉ែត្រ ពីវត្តលង្កា ផ្លូវ៥១ (ផ្លូវប៉ាស្ទ័រ) កែងនឹងផ្លូវ ២៦២ នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ នី តា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកដូលុយ នៅផ្សារអូរឡាំពិក ស្នាក់នៅ ជិតផ្សារទំពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ ទីកន្លែងកំណើតសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ម៉ូតូដែលបាត់បង់នោះម៉ាក ហុងដា ស៊ូម មើ (ZOOMER X) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FJ.2523 និងជនសង្ស័យ ២នាក់ដែលធ្វើសកម្មភាព ជិះម៉ូតូម៉ាកអាយខុន ពណ៌ផ្ការឈូក មួយគ្រឿងមិនចាំស្លាកលេខ បានយក ម៉ូតូនារីរងគ្រោះដោយសុវត្ថិភាព។
តាមសម្ដីនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា ដំបូងឡើយរូបគាត់ ពីរនាក់ប្ដីប្រពន្ធ បានជិះម៉ូតូចេញពីកោះពេជ្រ តាមបណ្ដោយផ្លូវព្រះសីហនុទិសដៅពីកើតមកលិច ខណៈមកជិតដល់ចំណុចកើតហេតុ រូបគាត់បានបត់ខាងស្តាំដៃទៅផ្លូវ៥១ (ផ្លូវប៉ាស្ទ័រ) បញ្ច្រាសទិសចរាចរណ៍ គោលដៅពីត្បូងទៅជើង ហើយគាត់ដាក់ប្ដីចុះ បម្រុងត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូអាយខុន មួយគ្រឿង មិនចាំស្លាកលេខ តាមបណ្ដោយផ្លូវ ៥១ (ផ្លូវប៉ាស្ទ័រ) ទិសដៅពីជើងមកត្បូង កៀររូបគាត់ឲ្យដួល ហើយក៏អ្នកជិះ ខាងក្រោយលោតចុះពីលើម៉ូតូ មកលើកម៉ូតូគាត់ ជិះចេញទៅតាមបណ្តោយផ្លូវ៥១ (ប៉ាស្ទរ) ពីត្បូងទៅជើង បញ្រ្ចាសទិសដៅចរាចរណ៍ទៅបាត់ ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចខណ្ឌដូនពេញឡើយ។
គ្រានោះគាត់ស្រែកចោរៗ ហើយក៏មានប្រជាពលរដ្ឋចេញមកព្រោងព្រាត ប៉ុន្តែដោយសារតែជនសង្ស័យ ជិះលឿនពេក ក៏បានគេចចេញបាត់ស្រមោល។ ហើយក៏មានពូកង់បីម្នាក់ បានមកលើករូបគាត់ ដឹកនារីរងគ្រោះមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីដាក់ ពាក្យបណ្ដឹង។
នារីរងគ្រោះបានដាក់ពាក្យបណ្ដឹងរួច ក៏ចាកចេញពីប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ មកដល់កន្លែងកើតហេតុវិញ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន ក៏ដូចប្រជាពលរដ្ឋចោមរោមមើល ហើយក៏បានចាកចេញទៅផ្ទះ នៅឯផ្លូវវេងស្រេង ដោយក្តីអស់សង្ឃឹម៕
មតិយោបល់