ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូ មួយគ្រឿង

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកំម្លាំងប៉ុស្តិ៍ទួលសង្កែ ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង៣និង២០នាទីយប់ទៀបភ្លឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវបេតុង ក្រុម២ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ុយ ហ៊ាន នាយប៉ុស្តិ៍ទួលសង្កែ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចសហប៉ុស្តិ៍ទួលសង្កែ និងប្រជាការពារបានធ្វើការជិះល្បាតនៅជុំវិញមូលដ្ឋាន ស្រាប់តែបានប្រទះឃើញសង្ស័យ២នាក់ ជិះម៉ូតូ មួយគ្រឿង ដោយមានការសង្ស័យ ហើយកម្លាំងសមត្ថកិច្ចយើងបានធ្វើការហៅឲ្យឈប់ រួចធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញម្សៅក្រាមពណ៌(ស)ថ្លា២កញ្ចប់ ជាប្រភេទម៉ាទឹកកក និងបានហូតម៉ូតូ មួយគ្រឿង ហើយឃាត់ខ្លួនយកប៉ុស្តិ៍ទួលសង្កែ ដើម្បីធ្វើការសាងសួរតែម្តង។

លោក ហ៊ុយ ហ៊ាន បានបន្តទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ មានឈ្មោះ គ្រុយ ចាន្ធី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាងដែក និងទី២ មានឈ្មោះ សុន ប៉ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នអ្នកទាំង ០២នាក់ មានទីលំនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ព្រមទាំងបានដកហូតនៅម្សៅក្រាមពណ៌(ស)ថ្លា ២កញ្ចប់ ជាប្រភេទម៉ាទឹកកក និងម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ សេ១០០ ស៊េរីចាស់ ពណ៌ក្រហម គ្មានស្លាកលេខ។

បើតាមការឆ្លើយសារភាពពីជនសង្ស័យទាំង២នាក់ខាងលើ បាននិយាយប្រាប់ថា ពួកគេទាំង២នាក់ បានទិញថ្នាំញៀននោះ នៅម្តុំរោងចក្រឆ្នាំង ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយពួកគេទាំង ០២នាក់ទិញក្នុងមួយកញ្ចប់តម្លៃ ២៥០០០រៀល ដើម្បីយកទៅប្រើប្រាស់។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

photo_2016-09-10_10-44-57

photo_2016-09-10_10-44-59

photo_2016-09-10_10-45-02

photo_2016-09-10_10-45-04

photo_2016-09-10_10-45-05

photo_2016-09-10_10-45-07

មតិយោបល់