ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ស្រវឹងស្រា បើករថយន្តពន្លះទ្រូងផ្លូវ បាក់អស់ ៤កង់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង២ និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខសាលាវិទ្យាល័យព្រះយុគន្ធរ តាមបណ្តោយផ្លូវព្រះមុនីរង្ស ក្នុងសង្កាត់បឹងកែងកង២ ខណ្ឌចម្ការមន មានករណីបុរសជនជាតិចិនម្នាក់ ស្រវឹងស្រា បើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវ បណ្ដាលឲ្យរងការខូចខាត។

ដំណើររឿង៖ មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បានបើករថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយស្តារ៉ិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-8832 ក្នុងស្ថានភាពស្រវឹងស្រា ដោយធ្វើដំណើរពីជើងទៅត្បូង បោះពួយយ៉ាងលឿន។ នៅពេលមកដល់ចំណុចខាងលើ ក៏បានរេចង្កូតមកខាងឆ្វេងដៃ ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យវៀចអស់បួនកង់ ចំណែករថយន្តខ្ទេចផ្នែកខាងមុខ។

ភ្លាមៗនោះ ជនជាតិចិនខាងលើ បានទូរស័ព្ទហៅបក្ខពួកមកយក ដើម្បីរំដោះខ្លួន តែត្រូវសមត្ថកិច្ចល្បាតឃើញ ក៏ធ្វើការឃាត់ខ្លួន យកមកសួរនាំនៅប៉ុស្តិ៍តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះវាស់វែង និងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់