ព័ត៌មានជាតិ

កុងតឺន័រ បើករុលបុករថយន្តស្ទូច រុញទៅផ្ទប់នឹងឡង់គ្រីស័រ រងខូចខាតខ្ទេចកាប៊ីនរថយន្តបង្ក

ភ្នំពេញៈ រថយន្តចំនួន៣គ្រឿង បើកបុករុញតគ្នា ខណៈដែលមានរថយន្តធុនធំសណ្តោងរ៉ឺម៉ក ដឹកបង្គោលភ្លើង ជាន់ហ្វ្រាំងមិនស៊ីទៅបុកពីក្រោយរថយន្តស្ទូចកំពុងឈប់ស្ងៀម រុញទៅបុកផ្ទប់រថយន្តឡង់គ្រីស័រ កំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យ រថយន្តឡង់គ្រីស័រក្រពឹតមួយចំហៀង បែកកញ្ចក់ រថយន្តស្ទូចខូចខាតបន្តិចបន្តួច ចំណែករថយន្តសណ្តោងរ៉ឺម៉ក ខ្ទេចរួញកាប៊ីនស្ទើរតែទាំងស្រុង តែមិនបង្កឲ្យអ្នកណារងរបួសឡើយ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣ រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវ៣០ម៉ែត្រ មុខផ្សារសុភមង្គល ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ រថយន្តឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-2015 បើកឆ្លងកាត់ទទឹងផ្លូវ៣០ម៉ែត្រ ពីត្បូងទៅជើង ស្របពេលនោះ រថយន្តស្ទូច ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7111 ធ្វើដំណើរពីលិចទៅកើត ឃើញរថយន្តខាងមុខកំពុងបើកឆ្លងផ្លូវ ក៏ឈប់ស្ងៀម អនុញ្ញាតឲ្យឆ្លង ស្រាប់តែមានរថយន្តមួយគ្រឿងផ្សេងទៀត ម៉ាកហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-6118 សណ្តោយន្ទុយរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-1266 ដឹកបង្គោលភ្លើង បើកល្បឿនលឿនពីលិចទៅកើត ជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុកពីក្រោយរថយន្តស្ទូច រុញទៅបុកផ្ទប់រថយន្តឡង់គ្រីស័រ បណ្តាលឲ្យខូចខាតធ្ងន់រថយន្តដឹកបង្គោលភ្លើង ខ្ទេចរួញកាប៊ីន រថយន្តស្ទូច ខូចខាតបន្តិចបន្តួច រីឯរថយន្តឡង់គ្រីស័រ ខ្ទេចមួយចំហៀង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ ហើយភាគីខាងរថយន្តសណ្តោងរ៉ឺម៉ក ដឹកបង្គោលភ្លើង សុំធ្វើការសម្របសម្រួល ដោយចេញសងទៅរថយន្តឡង់គ្រីស័រចំនួន៦០០ដុល្លារ និងជួយចេញថ្លៃជួសជុលរថយន្តស្ទូច ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់