ព័ត៌មានជាតិ

តូយ៉ូតាកាមរី ពន្លះម៉ូតូ១គ្រឿង បណ្ដាលឲ្យរបួសមនុស្សម្នាក់

ភ្នំពេញ: កាលពីម៉ោង០១ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបទឹកល្អក់៣ ផ្លូវ១៨២ កែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមានអ្នករងរបួស។

រថយន្តម៉ាក TOYOTA CAMRY ស៊េរីឆ្នាំ២០០៤ ពណ៌ស ស្លាកលេខ ភ្នំពេញ 2BA-5105 បានបុកម៉ូតូម៉ាក Honda Beat ពណ៌ខៀវ លាយស ស្លាកលេខកណ្ដាល 1AB-7906 ពេញទំហឹង បណ្ដាលឲ្យបុរសម្ចាស់ម៉ូតូ ខ្ទាតឡើងលើចិញ្ចើមផ្លូវ រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋហៅរថយន្ត គិលានសង្គ្រោះគ្លីនិកឯកជន ហុងហាក់ មកដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ។

ដោយទ្បែករថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុក តែស្លាកលេខប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង រួចយកវត្ថុតាង ទៅរក្សាទុក បណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ៕

មតិយោបល់