បន្ទាយមានជ័យៈ ផ្ទះប្រជាពលរដ្ឋចំនួន៣៤ខ្នង នៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវរងនូវការខូចខាត និងបាក់រាបដល់ដី ខណៈមានភ្លៀងធំមួយមេលាយលំជាមួយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ។
អាជ្ញាធរស្រុកស្វាយចេកបានឲ្យដឹងថា ភ្លៀងបានចាប់ផ្តើមធ្លាក់នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ ហើយបាននាំយកទាំងខ្យល់កន្ត្រាក់មកជាមួយផង និងបានបោកបក់យ៉ាងខ្លាំង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរងផលប៉ះពាល់។
អាជ្ញាធរស្រុកស្វាយចេកបានឲ្យដឹងទៀតថា ក្នុងនោះឃុំដែលរងផលប៉ះពាល់រួមមាន ៖ ១-ឃុំតាផូ ផ្ទះ៣ខ្នងរបើកដំបូលស័ង្កសី ៨៣សន្លឹក រលំទាំងស្រុង០១ខ្នង។ ២-ឃុំតាបែន ផ្ទះ២០ខ្នង របើកដំបូលស័ង្កសី ២៦៤សន្លឹក រលំទាំងស្រុង០៣ខ្នង និង៣-ឃុំស្លក្រាម ផ្ទះចំនួន ១១ខ្នង របើកដំបូលស័ង្កសី១១៥សន្លឹក។
ក្រោយមានគ្រោះធម្មជាតិគេឃើញមានការអន្តរាគមន៍ និងជួយឧបត្ថម្ភជាស័ង្កសីពីសំណាក់លោក អាត់ ខែម ស្នងការនគរបាលខេត្តដើម្បីជួយជួសជុល និងសង់លំនៅឋានជូនបងប្អូនប្រជាពលរដ្ឋឡើងវិញ៕
មតិយោបល់