ព័ត៌មានជាតិ

រថយន្តបែន បើកបុកកៀរម៉ូតូស្របទិសគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ: បុរស២នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តបែនដឹកថ្ម បើកបុកកៀរម៉ូតូសេ១២៥ កាលពីវេលាម៉ោង១២និង៣៥នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅមហាវិថីឈ្នះ ឈ្នះ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ បុរស២នាក់ ជាកម្មករសំណង់ ជិះម៉ូតូ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-2302 ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកថ្មមួយគ្រឿងមិនចាំម៉ាក ស្លាកលេខ បើកស្របទិស មកបុកកៀរពីក្រោយ កិនដាច់កន្ទុយម៉ូតូ រងរបួសធ្ងន់ម្នាក់ បាក់ជើងឆ្វេង ម្នាក់ទៀតរងរបួសស្រាល ភ្លាមៗរថយន្តបង្កបន្ថែមល្បឿនរត់គេចបាត់ បន្សល់ទុកជនរងគ្រោះម្នាក់ បាក់ជើងឆ្វេង ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនមន្ទីរពេទ្យព្រះកុសុម: ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ៣៕

មតិយោបល់