ព័ត៌មានជាតិ

ជនជាតិជប៉ុនម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

សៀមរាបៈ យោងតាមផេកមន្ទីរព័ត៌មានខេត្តសៀមរាន បានឲ្យដឹងថា ជនជាតិជប៉ុនម្នាក់ ឈ្មោះ MORITAKE KUNIYOSHI ភេទប្រុស កើតថ្ងៃទី០២ ខែមិនា ឆ្នាំ១៩៤៤ កាន់លិខិតឆ្លងដែនលេខ TR ១៦០៣៥៤៦ មុខរបរចូលនិវត្តន៍ ស្នាក់នៅផ្ទះជួលភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានស្លាប់ កាលពីវេលាម៉ោងប្រហែល ០៨ព្រឹក នាថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០១៩ ខណៈដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងទៀតថា ជនរងគ្រោះ ត្រូវបានមិត្តភ័ក្រ្តបញ្ជូនមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ប៉ុន្តែដោយស្ថានភាពជំងឺធ្ងន់ធ្ងរ ជនរងគ្រោះក៏បានស្លាប់ទៅ ហើយបើផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយជំងឺមហារីកសួត ហើយសាកសព ត្រូវបានរក្សាទុកបណ្តោះអាសន្ន នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីរង់ចាំការសម្រេច ពីក្រុមគ្រួសារ និងស្ថានទូត៕

មតិយោបល់