ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ លួចម៉ូតូវ័យជាង៦០ឆ្នាំម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ នៅចំណុចរបងវត្តពិភទ្ទរង្សី ផ្លូវ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៥ និង៣០នាទីល្ងាច។

ជនសង្ស័យឈ្មោះ កុ ថៃ ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិទូលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន៖
-ដែកលួសសរសៃចំនួន២ សម្រាប់ឆ្គឹះមេសោ (ជារបស់ជនសង្ស័យ)។
-ចង្កឹះសោមួយចង្កោម (ជារបស់ជនសង្ស័យ)។
-ទូរស័ព្ទដៃមួយគ្រឿងម៉ាក ណូគា ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ)។

ជនរងគ្រោះឈ្មោះ ហេង ថូ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះជួលលេខ៣ ផ្លូវលំ ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥ និង៣០នាទីល្ងាច ជនរងគ្រោះឈ្មោះ ហេង ថូ ភេទប្រុស អាយុ ៣៩ឆ្នាំ បានដាក់ម៉ូតូម៉ាកហុងដាវេវ១០០ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ១R.៨៩៤០ លេខតួ ០១៣៩៤៩ លេខម៉ាស៊ីន ០៥១៣៩៤៩ នៅចំណុចជួសជុលម៉ូតូរបងវត្តពិភទ្ទរង្សី ផ្លូវ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលនោះជនសង្ស័យឈ្មោះ កុ ថៃ ភេទប្រុស អាយុ៦៨ឆ្នាំ បានឈរក្បែរម៉ូតូខាងលើ ពេលបាត់ម៉ូតូក៏បាត់ជនសង្ស័យជាមួយគ្នា។

ភ្លាមនោះជនរងគ្រោះ ពុំបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចទេ ដោយជាប់រវល់តាមរកជនសង្ស័យ និងម៉ូតូ លុះនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២ និង៣០នាទីរសៀល ជនរងគ្រោះបានឃើញជនសង្ស័យឈ្មោះ កុ ថៃ នៅចំណតរថយន្តខាងជើងផ្សារធំថ្មី សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួន យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹង។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះ កុ ថៃ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចយកម៉ូតូខាងលើប្រាកដមែន ទើបសមត្ថកិច្ច បញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្ត៕

មតិយោបល់