ព័ត៌មានជាតិ

Update៖ បង្ក្រាបណេតមួយកន្លែង ឃាត់ខ្លួនបុគ្គលិក និងអ្នកលេង៤នាក់ នៅខណ្ឌឬស្សីកែវ

ភ្នំពេញៈ ទីតាំងភ្នាល់បាល់ជ្រកក្រោមណេតកាំកូទី២ នៅខាងជើងអតីតរង្វង់មូលកាំកូ ត្រូវបានគណៈបញ្ជាការឯកភាព ខណ្ឌឬស្សីកែវ ចុះបង្ក្រាបដោយឃាត់ខ្លួន បុគ្គលិក និងអ្នកលេង ៤នាក់ ព្រមទាំងដកហូតទូរដែក ១គ្រឿង , កុំព្យូទ័រ២០គ្រឿង,CPU១៨គ្រឿង, ទូរទស្សន៍៦គ្រឿង,ទូរទឹកកក១គ្រឿង, ម៉ាស៊ីន ព្រីន៣គ្រឿង, ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់១គ្រឿង,កង្ហារ ៥គ្រឿង,តារាងភ្នាល់បាលជាច្រើន និងប្រាក់ចំនួន៣៩១ដុល្លារនិង២ ៣៧៨ ៥០០រៀល។

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោងប្រមាណ១១ ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៩នៅចំណុច ផ្ទះបើកសេវាកម្ម ណេតលេខ៨២Jផ្លូវបុរីអង្គរ ភ្នំពេញសង្កាត់ទួលសង្កែទី២ ក្រោមការដឹកនាំដោយ លោក លីន ញ៉ក់ អភិបាលរងខណ្ឌឬស្សីកែវ និងមានការចូលរួម ការចូលរួម ពីលោកតំណាងព្រះរាជ្ញារងផងដែរ។

តាមសមត្ថកិច្ចឲ្យដឹងថា ទីតាំង បើកល្បែងស៊ីសងនេះ បានដំណើរការជាយូរមកហើយ ជ្រកក្រោម ច្បាប់អាជីវកម្មសេវាអ៊ិនធើណេត វិស័យព័ត៌មាន (កាំកូទី២ណេត) ដែលមានម្ចាស់ឈ្មោះ ប៊ូ វុត្ថា ភេទប្រុសអាយុ ៣៨ឆ្នាំ មានលំនៅផ្ទះលេខA១៩៨ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា តាមច្បាប់អនុញ្ញា បើកណេតសេវាកម្សាន្តតុក្តតា តែម្ចាស់ បានបើកល្បែងស៊ីសងភ្នាល់បាល់ ដែលផ្ទុយពីច្បាប់អនុញ្ញាត។

លោក លីន ញ៉ក់ អភិបាលរងខណ្ឌឬស្សីកែវ បានឲ្យដឹងថា ដោយមានការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋពីទីតាំងល្បែងស៊ីសង ភ្នាល់បាល់ និងមានការណែនាំ ពីលោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ លោកក៏បានដឹកនាំ កម្លាំងចុះមកបង្រ្កាបតែម្តង។ នៅក្នុងប្រតិបត្តិការ គណៈកម្មការបានឃាត់ខ្លួន បុគ្គលិក ស្រី៣នាក់ និងអ្នកលេងប្រុសម្នាក់ ប្រគល់ទៅនគរបាល ដើម្បីចាត់ការតាមច្បាប់ ព្រមទាំងដកហូត សម្ភារៈ ដែលជាមធ្យោបាយ បើកល្បែងស៊ីសង មួយចំនួន ទៀត។ ដោយឡែក ទីតាំង ត្រូវបានគណៈកម្មការឃ្លុំបេបិតបណ្តោះអាសន្ន៕

មតិយោបល់