ព័ត៌មានជាតិ

ហួសចិត្តលោកចោរ! ធ្វើសកម្មភាពកាច់.កម៉ូតូមិនសម្រេច ត្រូវម្ចាស់ទាន់ចាប់ឲ្យសមត្ថកិច្ច និយាយថា «អត់លុយទិញបាយ»

ភ្នំពេញ: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពកាច់.ក ម៉ូតូមួយគ្រឿង មិនបានសម្រេច ក៏ត្រូវម្ចាស់ ចាប់ប្រគល់ឲ្យសមត្ថកិច្ចបឹងកក់២ កាលពីវេលាម៉ោង ០២និង៣០នាទីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ ២០A ផ្លូវលេខ៥៧៨ ក្រុម៩ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ជនសង្ស័យឈ្មោះ ហៃ លាងហេង អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានទុកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១I-២០៩៣ នៅមុខផ្ទះលេខ២០A ចំណុចកើតហេតុ រួចក៏បានចូលទៅសម្រាកមួយសន្ទុះ បានមើលឃើញជនសង្ស័យ តាមកាមេរ៉ាសុវត្ថិភាព កំពុងតែធ្វើសកម្មភាពកាច់កម៉ូតូរបស់ខ្លួន ភ្លាមនោះបុរសរងគ្រោះ បានស្ទុះរត់ចេញមកចាប់ជនសង្ស័យ និង បានរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកក់ទី២ ឲ្យចុះមកឃាត់ខ្លួន ពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ និយាយថា រូបគេអត់លុយទិញបាយហូប។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ធ្វើការឃាត់ខ្លួនសួរនាំ កសាងសុំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនិតិវិធី ៕

មតិយោបល់