ភ្នំពេញ: យ៉ាងហោចណាស់អភិបាលរងខណ្ឌចំនួន៩រូបត្រូវបានផ្លាស់ប្តូរ ដោយប្តូរពីខណ្ឌមួយទៅកាន់ខណ្ឌមួយទៀត នៅក្នុងរាជធានីភ្នំពេញ ដែលការផ្លាស់ប្តូរនេះត្រូវបានគេដឹងថា
រដ្ឋបាលរាជធានីភ្នំពេញធ្វើឡើងដោយយោងទៅលើផ្លូវច្បាប់ និងម្យ៉ាងទៀត ដើម្បីឲ្យការងារបំរើប្រជាពលរដ្ឋកាន់តែល្អ និងប្រសើរជាងមុន។
ពិធីប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អាជ្ញាធរដែនដីទាំង១២ និងកងកម្លាំងប្រដាប់អាវុធចំណុះឲ្យរាជធានីភ្នំពេញជាច្រើនរូបទៀត។
ក្នុងពិធីនេះ ត្រូវបានប្រកាសតែងតាំងលោក ឃួង ស្រេង ជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២ នៅក្នុងដែនសមត្ថកិច្ចដដែរ។ ត្រូវបានប្រកាសតែងតាំងលោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ សម្រាប់អាណត្តិទី២ នៅក្នុងដែនសមត្ថកិច្ចដដែរ។ ត្រូវបានតែងតាំងលោក ប៊ុន សុភ័ក្រ្ក ជាអភិបាលរង នៃគណៈអភិបាលខណ្ឌ ចំការមន សម្រាប់អាណត្តិទី២ នៅក្នុងដែនសមត្ថកិច្ចដដែរ ត្រូវបានតែងតាំងលោក ឈុន ស៊ុននី ឲ្យកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌពោធិសែនជ័យ។ ត្រូវបានតែងតាំងមន្ត្រីរាជការចំនួន៣រូបជាអភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ សម្រាប់អាណត្តិទី២ ក្នុងនោះរួមមានលោក ចេង មុនីរ៉ា ជាអភិបាលរងខណ្ឌ លោក តិមា សោភា ជាអភិបាលរងខណ្ឌ លោកស្រី គឹម ញឹប ជាអភិបាលរងខណ្ឌដដែរ។
ក្រៅពីនេះ មន្ត្រីរាជការចំនួន៩រូប ត្រូវបានផ្ទេរភារកិច្ចពីខណ្ឌមួយទៅខណ្ឌមួយទៀត ក្នុងនោះរួមមាន៖
ទី១ លោកកូប ស្លេះអភិបាលរងនៃគណៈអភិបាលខណ្ឌឫស្សីកែវ ទៅជាអភិបាលរងនៃគណៈអភិបាលខណ្ឌទួលគោក។
ទី២ លោកទៀវ សំអឿន អភិបាលរងនៃគណៈអភិបាលខណ្ឌសែន សុខទៅជាអភិបាលរងនៃគណៈអភិបាលខណ្ឌទួលគោក។
ទី៣ លោកសាំង សុភៈវិចិត្រ អភិបាលរងនៃគណៈអភិបាលខណ្ឌទួលគោក ទៅជាអភិបាលរងនៃគណៈអភិបាលខណ្ឌសែន សុខ។
ទី៤ លោកធឹម សំអាន អភិបាលរងនៃគណៈអភិបាលខណ្ឌទួលគោកទៅជាអភិបាលរងនៃគណៈអភិបាលខណ្ឌចំការមន។
ទី៥ លោកប្រាជ្ញា សីហា អភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោជាអភិបាលរងនៃគណៈអភិបាលខណ្ឌឬស្សីកែវ។
ទី៦ លោកជ គឹមស៊ អភិបាលរងនៃគណៈអភិបាលខណ្ឌចំការមន ទៅជាអភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ។
ទី៧ លោកថេង សុថុល អភិបាលរងនៃគណៈអភិបាលខណ្ឌសែន សុខ ទៅជាអភិបាលរងនៃគណៈអភិបាលខណ្ឌច្បារអំពៅ ។
ទី៨ លោកហោ វាសនាអភិបាលរងនៃគណៈអភិបាលខណ្ឌច្បារអំពៅ ទៅជាអភិបាលរងនៃគណៈអភិបាលខណ្ឌសែន សុខ ។
ទី៩ លោកស្រីមុត យ៉ង់សូនី មន្ត្រីក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីអភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញទៅបម្រើការងារនៅក្របខណ្ឌដើមវិញ។
លោក ប៉ា សុជាតិវង្ស បានមានប្រាសាសន៍លើកឡើងថា ការផ្លាស់ប្តូរតួនាទីភារកិច្ចនេះ គឺធ្វើឡើងទៅតាមច្បាប់ ដោយមិនតម្រូវឲ្យមន្ត្រីរបស់យើងបំរើការងារលើសពី២អាណត្តិនោះទេ ដោយហេតុនេះហើយ ទើបអភិបាលរងខណ្ឌមួយចំនួនត្រូវបានផ្លាស់ប្តូរ ហើយការផ្លាស់ប្តូរនេះដែរ វាក៏បានធ្វើឲ្យយើងបានផ្លាស់ប្តូរបទពិសោធការងារ និងម្យ៉ាងទៀត ការផ្លាស់ប្តូរនេះ ក៏ដើម្បីជម្រុញការងារឲ្យកាន់តែល្អប្រសើរផងដែរ។ លោកបន្តថា រាល់គោលការរបស់រាជរដ្ឋាភិបាលត្រូវបានអនុវត្តយ៉ាងច្រើនជាងគេនៅថ្នាក់ខណ្ឌនេះហើយ ដូច្នេះលោកស្នើឲ្យលោកអភិបាលខណ្ឌត្រូវពង្រឹងការងារជាមួយអភិបាលរង ដោយត្រូវចែកការងារឲ្យបានច្បាស់លាស់៕










មតិយោបល់