ព័ត៌មានជាតិ

លោក ឱម យិនទៀង នាំយកទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃនៅវត្តនាគវ័ន្ត

ភ្នំពេញៈ នៅវេលាម៉ោង២និ៣០នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ លោក ឱម យិនទៀង ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ឯក ឃុនដឿន អភិបាលនៃគណអភិបាលខណ្ឌទួលគោក សមាជិកក្រុមការងារ ខណ្ឌ សង្កាត់ និងមន្ត្រីរាជការពុទ្ធបរិស័ទចំណុះជើងវត្តបានដង្ហែទៀនព្រះវស្សា និងទេយ្យទានមួយចំនួនធំប្រគេនដល់វត្តនាគវ័ន្ត ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បន្ទាប់មកព្រះសង្ឃចម្រើនព្រះបរិត្ត និងតាមការធ្វើកិច្ចទៅកម្មវិធីរបស់លោកតាអាចារ្យ ក៏បានប្រារព្ធធ្វើពិធីវេរប្រគេនទៀនព្រះវស្សា ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ម៉្យាងទៀតការប្រគេនទៀតព្រះវស្សានេះ គឺជាការប្រារឰធ្វើទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលមាននាសម័យកាលយូរលង់មកហើយនៅជារៀងរាល់ឆ្នាំ និងដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងរយៈពេលមួយត្រីមាស ដែលចាប់ចូលពីថ្ងៃទី ១រោជ ខែអាសាឍ រហូតដល់ថ្ងៃ១៥ កើតខែអស្សុជ។

នៅក្នុងឱកាសនោះដែរ លោក ឱម យិនទៀង ក៏បានថ្លែងផ្តាំផ្ញើការសួរសុខទុក្ខទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដោយលើកអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យពុទ្ធចក្រ និងអាណាចក្រ និងបានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋចេះសាមគ្គីរួបរួមគ្នា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា៕

មតិយោបល់