ភ្នំពេញ ៖ ចេញពីហាងផឹកសុី ស្រវឹងបបោលម៉ូតូ ប្រញ៉ាប់ឲ្យឆាប់ដល់ផ្ទះជួល តែមិនបានដូចបំណង ខណៈដែលផ្លូវជាតិលេខ៣ កំពុងឈូសឆាយ ស្ថាបនា ចាក់ដី ដាក់កម្ទេចថ្ម បែជារអិលដួលដោយខ្លួនឯង អូសជាច្រើនម៉ែត្រ រងរបួសធ្ងន់ កាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់កន្ទោក ខណ្ឌកំបូល ។
ជនរងគ្រោះឈ្មោះ ភី សុខគា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិភ្នំ ឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជិះម៉ូតូ ម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-3201 ជាមធ្យោបាយ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទើបចេញពីហាងផឹកសុី ជិះម៉ូតូធ្វើដំណើរ ល្បឿនលឿន តាមផ្លូវជាតិលេខ៣ពីជើងទៅត្បូង ឆ្លងកាត់ ស្ថានភាពផ្លូវ ដែលកំពុង ឈូសឆាយ ចាក់កម្ទេចថ្ម ជនរងគ្រោះ ទប់ដៃចង្កូតមិនជាប់ រអិលដួលរងរបួសតែម្តង ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកជូនជនរងគ្រោះ ។
មតិយោបល់