ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ពេជ វិជ្ជាធរ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំឆបោករថយន្តមកធ្វើការបើកសវនាការជាសាធារណៈ។
ជនជាប់ចោទមានឈ្មោះ យិន វណ្ណៈ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ អ្នកលក់គ្រឿងសង្ហារឹមឈើ។
ចំណែកដើមបណ្តឹងមានឈ្មោះ អេង ចិត្រា ភេទប្រុស មុខរបរយោធាផ្កាយ១ នៅភូមិភាគខេត្តព្រះវិហារ បានប្តឹងទាមទារសំណងជំងឺចិត្តពីជនជាប់ចោទចំនួន៥០០០$ ជាតម្លៃរថយន្ត។
នៅក្នុងសវនាការជនជាប់ឈ្មោះ យិន វណ្ណៈ សារភាពថា ខ្លួនពិតជាបានយករថយន្តម៉ាក កាមេរីហើម ពណ៌សំបកឪឡឹក ផលិតឆ្នាំ៩៣ ពីឈ្មោះ ខឹម ប៉ុន ទៅបញ្ចាំនៅកាស៊ីណូណាហ្គាវើល បានតម្លៃ៨០០$ មែន ដើម្បីយកលុយមកឲ្យថ្លៃខារ៉ាអូខេ ដែលខ្លួន និងឈ្មោះ ខឹម ប៉ុន ចូលច្រៀងមិនមានលុយឲ្យគេ។ ជនជាប់ចោទបន្តថា ខ្លួនបានស្គាល់ឈ្មោះ ខឹម ប៉ុន ជាកូនចៅរបស់ជនជាប់ចោទ តាមរយៈឈ្មោះ សុខ និង ពៅ ដោយមកសុំឲ្យជួយលក់គ្រឿងសង្ហារឹមឈើបេង។
ក្រោយសាកសួរដេញដោលលោក វង្ស ប៊ុនវិសុទ្ធ បានស្នើឲ្យតុលាការប្តូរបទចោទលើជនសង្ស័យពីបទឆបោកទៅជាបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសាមាត្រា៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។
ចំពោះសំណុំរឿងនេះតុលាការនឹងប្រកាសសាលក្រមនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ខាងមុខ៕


មតិយោបល់