ព័ត៌មានជាតិ

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ចប់អាណត្តិការងារចូលជួបជម្រាបលា

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យឯកឧត្តម Joachim Baron Von Marschall ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ចប់អាណត្តិការងារចូលជួបជម្រាបលា។

បើតាមអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះប្រទេសអាល្លឺម៉ង់ ដែលតែងតែស្ថិតនៅជាដៃគូដ៏ល្អក្នុងការស្ថាបនាកម្ពុជាឡើងវិញ ហើយក៏បានថ្លែងអំណរគុណផងដែរ ដល់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍នៅកម្ពុជា ផ្តោតសំខាន់លើកំណែទម្រង់សាធារណៈ អភិបាលកិច្ចល្អ ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខស្បៀង។

ក្នុងជំនួបនេះលោក Joachim Baron Von Marschall ក៏បានបង្ហាញចំណាប់អារម្មណ៍របស់លោកថា លោកពេញចិត្តយ៉ាងខ្លាំងក្នុងពេលបំពេញការងារនៅក្នុងប្រទេសកម្ពុជា។ ក្នុងពេលបំពេញការងារនេះ លោកមានអនុស្សាវរីយ៍ និងទទួលបានបទពិសោធ ន៍ការងារយ៉ាងច្រើនពីកម្ពុជា។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ទើបចប់អាណត្តិ ក៏បានសម្តែងក្តីរំពឹងទុកថា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងផ្តល់កិច្ចសហការកាន់តែល្អថែមទៀតជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់អាល្លឺម៉ង់ ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ឲ្យកាន់តែល្អប្រសើរ។

ក្នុងជំនួបនេះ លោក ប្រាក់ សុខុន និង លោក Joachim Baron Von Marschall បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាពីបញ្ហាតំបន់ និងពិភពលោក ដែលកំពុងកើតមាននាពេលបច្ចុប្បន្នផងដែរ៕

មតិយោបល់