កំពង់ចាមៈ នៅវេលាទៀបភ្លឺថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចទំនប់ត្រពាំងវែង ភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម បុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកពីក្រោយរថយន្តចតក្បែរចិញ្ចើមថ្នល់ បណ្តាលឲ្យដេកដួលនៅលើផ្លូវ ហើយបានដាច់ខ្យល់ស្លាប់ភ្លាមៗ។
ជនរងគ្រោះឈ្មោះ ម៉ុត មួន ប្រុស អាយុ ៥៥ឆ្នាំ នៅភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ បុរសខាងលើបើកបរម៉ូតូម៉ាកហុងដាគុប ពណ៌ខៀវ (គ្មានស្លាកលេខ) មានទិសដៅពីជើងទៅត្បូង ពាក់មួកសុវត្ថិភាព បើកលឿនពេកដល់ចំណុចខាងលើ បានទៅបុកគូថរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ព្រៃវែង 3A-0987 ដឹកអុស អ្នកបើកបររត់បាត់ ដែលខូចលើចិញ្ចើមផ្លូវ មានទិសដៅពីជើងទៅត្បូងសមត្ថកិច្ចបញ្ជាក់ថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យខូចរថយន្ត និងម៉ូតូ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងវាស់វែងតាមជំនាញ ខណៈអ្នកបើកបរម៉ូតូបានស្លាប់ និងហៅ សាច់ញាតិឲ្យមកទទួលសពធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូយករក្សាទុកនៅអធិការដ្ឋានស្រុកបាធាយ រង់ចាំការដោះស្រាយតាមនីតិវិធី៕
មតិយោបល់