ព័ត៌មានជាតិ

ម៉ូតូ២ គ្រឿងបុកគ្នារងរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញ: បុរសម្នាក់ រងរបួសបាក់ជើងម្ខាង ខណ:ជិះម៉ូតូមួយគ្រឿង បត់ឆ្វេង ក៏ម៉ូតូស្របទិសពីក្រោយគេចមិនទាន់ ជ្រុលចង្កូតទៅបុកពេញទំហឹង កាលពីវេលាម៉ោង ១២ និង ៤០ នាទីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវផ្លូវម៉ៅសេទុងកែងផ្លូវលេខ ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ម៉ូតូរងគ្រោះម៉ាកហុងដាស្គុបពី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 1 CA-7907 អ្នកបើកបរឈ្មោះ ណារ៉ូ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅខណ្ឌចម្ការមន រងរបួសបាក់ជើងខាងឆ្វេង។ ចំណែកឯម៉ូតូបង្ក ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1BX-1392 អ្នកបើកបររងរបួសស្រាល មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូទាំង ២គ្រឿងបើកបរមុខក្រោយគ្នា ដោយម៉ូតូមសង់កូរ៉េ បើកបរពីក្រោយ ស្របទិសដៅគ្នាពីជើងមកត្បូង។ ខណ:មកដល់ចំណុចកើតហេតុ ម៉ូតូម៉ាកស្កុបពីបានបត់ឆ្វេងដៃ ដោយសារម៉ូតូសង់កូរ៉េបើកបរពីក្រោយ ចាប់ ហ្វ្រាំងមិនទាន់ ក៏ជ្រុលចង្កូតទៅបុកម៉ូតូស្កុបពីពេញទំហឹង បណ្ដាលឲ្យរងរបួសបុរសអ្នកជិះម៉ូតូស្គុបពីបាក់ជើងឆ្វេង រីឯអ្នកបើកបរម៉ូតូសង់កូរ៉េ រងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង យកម៉ូតូទាំង ២គ្រឿង ដាក់ម្ខាងចិញ្ចើមផ្លូវ រួចឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយនិយាយមិនត្រូវរ៉ូវគ្នា ក៏យកម៉ូតូទាំង ២ គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នាជាក្រោយ៕

មតិយោបល់