ព័ត៌មានជាតិ

រថយន្តដឹកដីជាន់ហ្វ្រាំងមិនស៊ី បណ្ដាលឲ្យបុករថយន្តជាបន្តបន្ទាប់ ៣គ្រឿងរងការខូចខាត

ភ្នំពេញ: រថយន្តដឹកដីមួយគ្រឿងបានបើកបោះពួយបុក រថយន្តជាបន្តបន្ទាប់នៅចំណុច ស្តុប បណ្តាលឲ្យរថយន្តចំនួន ៣គ្រឿង រងការខូចខាតតែពុំបណ្តាលឲ្យមនុស្សរងរបួសឡើយ ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ប្រមាណ២និង១០នាទីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុច ស្តុបតាមផ្លូវលេខ ៥៩៨ ក្នុងភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ។

រថយន្ត ដែលបង្កគ្រោះថ្នាក់ម៉ាក RAYNO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D.៣៩៨៦ បើកបរ ដោយឈ្មោះ ហម ប៊ុនថេត អាយុ ៣២ឆ្នាំ មានលំនៅ សង្កាត់ក្រាំង ធ្នង់ខណ្ឌសែនសុខ ។ចំណែករថយន្ត ដែលរងការខូចខាត១ម៉ាក ព្រូស ពណ៌ស ភ្នំពេញ២AY.៧២៨៤ ។
២.រថយន្តម៉ាក SCION ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AY៨៣៥៥និង៣. រថយន្តម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ២AR.៧៥៣៧ ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកដី បានធ្វើដំណើរ តាមផ្លូវលេខ ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង។ នៅពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុ ពេលជិតស្តុបក្រហម យានយន្តនៅខាងមុខបង្អង់ល្បឿន ស្រាប់តែរថយន្តក៏បានបើកទៅមុខ បុក ពីក្រោយ រថយន្តម៉ាកព្រូស និងរថយន្តម៉ាក SCION​ បណ្តាលឲ្យរងរការខូចខាតទាំង២គ្រឿង។ ដោយឡែក នៅពេលគ្រោះថ្នាក់ រថយន្តដឹកដីបានបុករុញរថយន្តម៉ាកSCIONទៅបុក រថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតផងដែរ។ នៅក្នុងគ្រោះថ្នាក់នោះបណ្តាលឲ្យរថយន្តចំនួន ៣គ្រឿង បានរងរការខូចខាត។

តាមអ្នកបើកបរ រថយន្តដឹកដីបានឲ្យដឹងថា ការកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្តជាន់ហ្វ្រាំងមិនស៊ី ជាហេតុបណ្តាលឲ្យជ្រុលចង្កូតទៅបុករថយន្តពីក្រោយតែម្តង៕

មតិយោបល់