សៀមរាបៈ នៅថ្ងៃ ទី ២២ ខែមិថុនា ឆ្នាំ ២០១៩ នេះក្រុមការងារនៃរដ្ឋបាលស្រុកប្រាសាទបាគងបានសហការណ៍ជាមួយ ក្រុមការងារចម្រុះខេត្ត ដឹកនាំដោយ លោក សុខ ថុលនាយករដ្ឋបាលសាលាខេត្ត ដោយមានការចូលរួមពី លោកនាយករងទីចាត់ការអន្តរវិស័យ លោកប្រធានមន្ទីរ បរិស្ថានប្រធានមន្ទីររ៉ែនិងថាមពលតំណាង មន្ទីរធនធានទឹក និងឧតុនិយមតំណាង រដ្ឋបាលជលផលនគរបាលសេដ្ឋកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងបិទការដ្ឋានជីករណ្តៅដី ពុំមានអាជ្ញាបណ្ណ មួយកន្លែង នៅភូមិល្អក់ ឃុំកណ្ដែក ស្រុក ប្រាសាទ បាគង ។
បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ ការដ្ឋានជីករណ្តៅដី ខាងលើ ក្រុមការងារជំនាញបានរកឃើញថា ការដ្ឋាននេះ បានជីកលើសជម្រៅដែលបានកំណត់ និងគ្មានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត ហើយមិនបានធ្វើរបងព័ទ្ធ ជុំវិញរណ្តៅដី នៃការដ្ឋានរបស់ខ្លួន ឱ្យបានត្រឹមត្រូវផងដែរ ។ ចំណែក ការដឹកជញ្ជូនដី ក៏មិនមានការគ្របតង់ឡើយ រីឯផ្លូវចេញចូល ការដ្ឋានក៏ពុំមាន ការស្រោចទឹកដែរ ដែលជាហេតុ បង្ករឱ្យមានការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅជុំវិញទីតាំងការដ្ឋាននេះ។
ដោយពិនិត្យឃើញដូច្នេះ ក្រុមការងារបានសម្រេច បិទការដ្ឋាន ជីករណ្តៅដីខាងលើនេះជាបណ្តោះអាសន្ន និងបានបិទលិខិតបញ្ឈប់នៅជាប់នឹងគ្រឿងចក្រ ផងដែរ ។ ក្នុងករណីម្ចាស់ការដ្ឋានមិនអនុវត្តតាមសេចក្តីសម្រេចនេះ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕
មតិយោបល់