ព័ត៌មានជាតិ

ជង់តែងចាំកុក តែកុកទេដែលចេះតែភ្លេចជង់!

ភ្នំពេញ: យុវជនម្នាក់ដែលតែងតែប្រើល្បិចបោក យកគ្រឿងអេឡិចត្រូនិចពីហាងនានា រហូតដល់ទៅ១១លើក ត្រូវអស់ល័ក្ខណ៍ត្រឹមល្បិចលើកទី១១! ជនសង្ស័យរូបនេះ មានឈ្មោះថា រតន: សន្យា កើតឆ្នាំ១៩៩៣ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅខេត្តព្រះសីហនុ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួររំឭកដែរថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ មានផេកហ្វេប៊ុកមួយឈ្មោះថា MyEyes បានបង្ហោះសារ ស្តីពីល្បិចឆបោកថ្មី ដោយជនឆបោក បានខលមកហាងលក់ផលិតផល អនឡាញ របស់គាត់ដើម្បីទិញទូរទស្សន៍ និងបញ្ឆោតឲ្យក្រុមការងារ យកទូរទស្សន៍ទៅឲ្យនៅលើផ្សារទំនើបរតនាផ្លាហ្សា ហើយក៏ឆ្លៀតឱកាសលួចយកទូរទស្សន៍គេចខ្លួនបាត់ ដែលករណីមួយនេះ ពិតជាមានការហួសចិត្តយ៉ាងខ្លាំង ព្រោះគេពុំធ្លាប់បានឃើញពីមុនមក។

ស្រាប់តែនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៨និង00នាទី ជនសង្ស័យរូបនេះ បានប្រើល្បិចដដែល ដោយបានចូលទៅផ្ទះលក់ទូរទស្សន៍ មួយកន្លែងផ្សេងទៀត នៅក្បែរផ្សារអូឡាំពិកដោយធ្វើជាទិញទូរទស្សន៍ម៉ាកLG មួយគ្រឿងនិងប្រាប់ថាត្រូវដឹកយកទៅឱ្យ នៅផ្សាស្ទឹងមានជ័យថ្មីនាព្រឹកស្អែក ហើយក៏បានឱ្យលេខទូរស័ព្ទទុកសម្រាប់ទាក់ទងគ្នា តែដោយមានការសង្ស័យ ព្រោះ ឃើញលេខទូរស័ព្ទដែលអ្នកមកទិញនេះដូចគ្នានិងលេខគេបង្ហោះ តាមហ្វេសប៊ុកថា ធ្លាប់ត្រូវម្ចាស់លេខនេះ ធ្វើជាមកទិញទូរទស្សន៍ហើយបោកយកទៅបាត់នោះ ទើបអ្នកលក់បានប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ឲ្យរៀបចំអន្ទាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅព្រឹកម៉ោង ០៩និង៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩តែម្តង។

ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា កន្លងមករូបគេបានធ្វើ សកម្មភាពឆបោករបៀបនេះ នៅតាមហាងលក់គ្រឿងអេឡេចត្រូនិច នានាក្នុងរាជធានីភ្នំពេញ១០លើករួចមកហើយ សម្ភារ:ដែលបោកបានរួមមាន ទូរទស្សន៍ និងធុងបាស់ចាក់ខារ៉ាអូខេ តែមិននឹកស្មានថាលើកទី១១នេះ ត្រូវភ្លាត់ស្នៀតជាប់អន្ទាក់សមត្ថកិច្ចយ៉ាងដូច្នេះឡើយ ហើយសមត្ថកិច្ច ក៏បានទំនាក់ទំនង រកជនរងគ្រោះ មកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ផងដែរ។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោស តាមច្បាប់៕

មតិយោបល់