កំពង់ឆ្នាំងៈ នៅវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៩ មានករណីបុរសម្នាក់ ប្រើរណាម៉ាស៊ីនខុសបច្ចេកទេស បណ្ដាលឱ្យផ្លែរណាបែកជាពីរ ហើយខ្ទាតបំណែកត្រូវចំបំពង់ក ស្លាប់ភ្លាមៗនៅនឹងកន្លែង នៅចំណុចសំណង់ផ្សាររាត្រី ស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ជនរងគ្រោះមានឈ្មោះស្រី គីម ភេទប្រុសអាយុ ២៨ ឆ្នាំ មុខរបរជាងផ្សារកាត់ដែក មានទីលំនៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ម្ចាស់សំណង់ផ្សាររាត្រី ដែលកំពុងដំណើរការសាងសង់ខាងលើនោះ មានឈ្មោះ រុន ស៊ីវុត្ថា ភេទប្រុសអាយុ៣៩ ឆ្នាំ មានទីលំនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ កម្លាំងនគរបាលក្រុង ខេត្តនិងអាជ្ញាធរក្រុង បានចុះពិនិត្យ និងធ្វើកោសលវិច័យ នៅទីតាំងខាងលើ បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វេសប្រហែសប្រាកដមែន រួចក៏ប្រគល់សាកសព ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកមេការសំណង់ខាងលើឈ្មោះ លឹម វាសនា ភេទប្រុស អាយុ ២៧ ឆ្នាំ បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការសាកសួរ ចាត់តាមនីតិវិធីនៅប៉ុស្តិ៍រដ្ឋបាល កំពង់ឆ្នាំងផងដែរ៕

មតិយោបល់