ព័ត៌មានជាតិ

រថយន្តបើកបុកម៉ូតូ១គ្រឿងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ស្រាលប្តីប្រពន្ធ ០២នាក់

ភ្នំពេញ: ពីរនាកប្តីប្រពន្ធ កំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែរថយន្តដឹកដី បើកមកកៀរួចបុកកិន បណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ ចំណែកបុរសជាប្តីរងរបួសស្រាល ហើយម៉ូតូខូចខ្ទិចទាំងស្រុង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ប្តីប្រពន្ធមួយគូ បានជិះម៉ូតូមួយគ្រឿង ម៉ាក Zoomer x ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1EZ-7079 ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3D- 2236 ធ្វើដំណើរពីត្បូងទៅជើងបម្រុងបត់ឆ្វេង ក៏ជ្រុលចង្កូតទៅបុកកិនអ្នកជិះម៉ូតូពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ស្រាលប្ដីប្រពន្ធពីរនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសួគា៍។

ចំណែកអ្នកបើកបររថយន្ត បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុនគរបាលជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះទៅធ្វើការវាស់វែង នៅកន្លែងកើតហេតុ ហើយក៏បានយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់