ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនកម្មករផ្សារដែកម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្មករផ្សារដែកម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវ: កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០២និង០០នាទី រំលងអធ្រាត្រ ត្រង់ចំណុចផ្ទះ គ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថាជនសង្ស័យឈ្មោះ ស៊ឹម ចាន់រ៉ី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករផ្សារដែក ទីលំនៅបច្ចុប្បន្ន ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ យ យ ហៅ ខ្ញុង អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ កន្សែងពោះគោពណ៌ខៀវចំនួន០១, ក្រមាក្រឡាការ៉ូ ពណ៌ប្រផេះលាយស្លាទុំ ចំនួន០១, ខ្សែកង្ហារ(ដាច់) ពណ៌ខ្មៅ ប្រវែង៨៥សង់ទីម៉ែត្រចំនួន០១ខ្សែ។

លោកអធិការបានបន្តថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី ជនរងគ្រោះ បានចូលដេកក្នុងផ្ទះគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយកូនស្រីអាយុ០៤ឆ្នាំម្នាក់ តែជនរងគ្រោះពុំបានចាក់សោទ្វារផ្ទះ គ្រាន់តែយកទូរទស្សន៍ទប់ទ្វារពីខាងក្នុង ដោយសារទ្វារផ្ទះអត់មានគន្លឹះ។ រហូតដល់វេលាម៉ោង០២និង០០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ រំលងអធ្រាត្រ ជនរងគ្រោះកំពុងតែដេកលង់លក់ ស្រាប់តែជនសង្ស័យឈ្មោះ ស៊ឹម ចាន់រ៉ី ដែលជាអ្នករស់នៅក្នុងភូមិជាមួយជនរងគ្រោះដែលមានផ្ទះចម្ងាយពីគ្នា១០ម៉ែត្រ ហើយជាអ្នកស្គាល់រាប់អានគ្នា បានបើកទ្វារ ផ្ទះរបស់ជនរងគ្រោះ ហើយធ្វើសកម្មភាពបើកមុង រួចទាញផ្តាច់ខ្សែកង្ហារដែលមានចរន្តភ្លើង ហើយឆក់ជនរងគ្រោះ ពេលដែលជនរងគ្រោះ ភ្ញាក់ដឹងខ្លួន ជនសង្ស័យក៏បានឡើងពោបពីលើចាប់អឱបថើប ហើយជនរងគ្រោះក៏បានរើបម្រះ និងស្រែកឱ្យអ្នកជិតខាងជួយ។

ពេលនោះ ជនសង្ស័យក៏បាននិយាយគំរាមថា កុំស្រែកប្រយ័ត្នងាប់ រួចជនរងគ្រោះក៏ ឈប់ស្រែក ហើយជនសង្ស័យក៏បានដាល់ពោះជនរងគ្រោះ០១ដៃ និងដើមទ្រូងចំនួន០២ដៃ រួចយកដៃទាំងសងខាង ច្របាច់កថែមទៀត ធ្វើឱ្យជនរងគ្រោះឈឺចុកចាប់ ខ្លាំងរើលែងរួចជនសង្ស័យ ធ្វើសកម្មភាព រំលោភសេពសន្ថវ:បានសម្រេចចំនួន០១លើក។ បន្ទាប់មក ជនសង្ស័យបានយកកន្សែង ពោះគោពណ៌ខៀវ របស់ជនរងគ្រោះចងដៃផ្អោប ទៅ ខាងមុខ និងយកក្រមាក្រឡាការ៉ូ ចងមាត់ជនរងគ្រោះ រួចដាក់ជនរងគ្រោះ ឱ្យដេកផ្ងារដោយពុំមានស្លៀកពាក់ខោអាវ ហើយក៏ដើរគេចខ្លួន ចេញទៅវិញបាត់។ ហើយជនរងគ្រោះក៏បានព្យាយាម ស្រាយចំណងចេញវិញ រួចស្លៀកពាក់ខោអាវ ហើយដេកបន្ត។ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឈ្មោះ កេត សុខម៉ាន ភេទប្រុស អាយុ៣១ឆ្នាំ (ប្តីរបស់ជនរងគ្រោះ) បានត្រឡប់មកពីធ្វើការរត់តុការ ឱ្យគេនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ វិញឃើញជនរងគ្រោះមានស្នាមនៅលើក ក៏បានសួរនាំជនរងគ្រោះ ទើបជនរងគ្រោះ និយាយ រឿងហេតុខាងលើ ប្រាប់ប្តីឱ្យបានដឹង រួចឈ្មោះ កេត សុខម៉ាន ក៏បាននាំជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងទៅ លើជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចជួយ ស្រាវជ្រាវឃាត់ខ្លួនយកមកសាកសួរតាមនីតិវិធីច្បាប់។

បន្ទាប់ពីទទួលពាក្យបណ្តឹងពី ជនរងគ្រោះ សមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ ចាប់យកវត្ថុតាង និងស្រាវជ្រាវរកជនសង្ស័យយកមកសាកសួរ ប៉ុន្តែ ជនសង្ស័យបានគេចខ្លួនបាត់ រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទី ជនសង្ស័យខាងលើ បានមកពូនសម្ងំលាក់ ខ្លួននៅក្នុងផ្ទះរបស់គេ (ផ្ទះជនសង្ស័យ) ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបសមត្ថកិច្ចឃាត់ខ្លួន បានជនសង្ស័យយកមក សាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក តាមនីតិវិធីច្បាប់តែម្តង។

ពេលសមត្ថកិច្ចសាក សួរជនសង្ស័យមិនបានឆ្លើយសារភាពទេ តែដោយការចង្អុលបង្ហាញពីជនរងគ្រោះទៅលើជនសង្ស័យ ,ស្លាកស្នាមនៅត្រង់កជនរងគ្រោះ និង វត្ថុតាងចាប់យកនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ជនសង្ស័យពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវ:លើជនរងគ្រោះប្រាកដមែន ៕

មតិយោបល់